2023-10-09 11:40
605

ភ្នំពេញ ៖   នៅក្នុងការវាយប្រហាររបស់ពួកហាម៉ាស ប៉ាឡេស្ទីននៅប្រទេសអ៊ីស្រាអែល បានធ្វើឱ្យនិស្សិតខ្មែរម្នាក់បានស្លាប់ នោះគឺនិស្សិតចាន់ ឧត្តម ដែលកំពុងសិក្សានៅក្នុងប្រទេសអ៊ីស្រាអែលជាមួយមិត្តភក្ដិ ដែលទៅរៀនជាមួយគ្នាជាច្រើននាក់ទៀត ។

ឧត្តម ទើបតែមានអាយុ២៤ឆ្នាំប៉ុណ្ណោះ និងជានិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ។ លោកជាមនុស្សមានទេព្យកោសល្យ និងជាអ្នកឧស្សាហ៍ព្យាយាមខិតខំរៀនសូត្រ រហូតទទួលបានឱកាសទៅបន្តសិក្សានៅប្រទេសអ៊ីស្រាអែលលើជំនាញកសិកម្ម ។ ជាអកុសលនៅថ្ងៃសៅរ៍ទី៧ តុលា ឆ្នាំ ២០២៣ ឧត្តម ត្រូវបានទទួលមរណភាពដោយការវាយប្រហាររបស់ពួកហាម៉ាសទៅលើប្រទេសអ៊ីស្រាអែល ដែលធ្វើឱ្យកម្ពុជាត្រូវបាត់បង់ធនធានមនុស្សម្នាក់ គ្រួសារត្រូវបានកូន បាត់បង់បងប្រុស ប្អូនប្រុស ជីដូនជីតាបាត់បង់ចៅដែលមិនអាចត្រលប់មកវិញបាន ។

រាជរដ្ឋាភិបាលបានសម្ដែងនូវមរណទុក្ខជូនចំពោះ ក្រុមគ្រួសារនៃសពរបស់ឧត្តម ក្នុងនោះដែរសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាក៏បានផ្ញើសាររំលែកទុក្ខ ប្រធានរដ្ឋសភា ក៏បានផ្ញើសាររំលែកទុក្ខ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានផ្ញើសាររំលែកទុក្ខចំពោះការបាត់បង់វត្តមានឧត្តមពីលើពិភពលោកនេះផងដែរ ។

បើតាមលោក Evan Penn ដែលជាអ្នកធ្លាប់ឧបត្ថម្ភគាំទ្រដល់ឧត្តមឱ្យសិក្សារៀនសូត្រ បានលើកឡើងថា ឧត្តមជាមនុស្សឧស្សាហ៍ព្យាយាមនិងយកចិត្តទកដាក់ តែងតែទទួលបានពិន្ទុខ្ពស់ជាងគេក្នុងថ្នាក់របស់គាត់ ។ ដោយឃើញពីភាពឧស្សាហ៍ព្យាយាមរបស់គាត់ ឪពុករបស់ Penn បានសន្យាថានឹងបញ្ជូនឧត្តមទៅប្រទេសអ៊ីស្រាអែល ដើម្បីសិក្សាជំនាញពេទ្យសត្វ ហើយពួកគាត់ក៏ធ្វើបាន តែមិននឹកស្មានថា ពួកយើងត្រូវបែកពីឧត្តមជារៀងរហូតដូចនេះសោះ ។

លោកថា ឧត្តម គឺមិនដែលធ្វើបាបអ្នកណាម្នាក់ គាត់មិនមែនជាជនជាតិ Jewish ឬជាជនជាតិអ៊ីស្រាអែល តែគាត់ជាជនរងគ្រោះនៃ សោកនាដកម្ម ការស្អប់ខ្ពើម និងអំពើហិង្សាដោយគ្មានការរើសអើងអ្នកណាជាអ្នកណា។ ដោយសេចក្តីសោកសង្រេងជាអនេក លោកសង្ឃឹមថា អ្នកបានចែកឋានទៅកាន់សុគតិភព និងសូមជូនពរក្រុមគ្រួសាររបស់អ្នកមានអាយុយឺនយូរ ៕