2023-10-09 12:41
359

ខេត្តសៀមរាប៖     កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តសៀមរាប បានធ្វេីការស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនជនដៃដល់ ២នាក់ដែលធ្វេីសកម្មភាពចូលវាយប្លន់ស្ត្រីវ័យចំណាស់ដល់ក្នុងផ្ទះយកទ្រព្យសម្បត្តិ ពាក់ព័ន្ធនឹងបទល្មើសជាក់ស្ដែងករណីអំពើលួ.ចមានស្ថានទម្ងន់ទោស(ដោយប្រើហិង្សា) រួចបញ្ជូនទៅកាន់តុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ នៅរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣នេះ។ 

ក្នុងប្រតិបត្តិការខាងលើនេះ គឺកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តសៀមរាប ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក នួន ស័ក្ដិចំរើនរិទ្ធ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌខេត្តសៀមរាប ដោយមានបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប និងក្រោមកិច្ចសម្របសម្រួលនីតិវិធី ដោយលោកស្រីវ៉ា សក្កដា ព្រះរាជអាជ្ញារងស្តីទីនៃអយ្យការអមសាលាដំបូងខេត្តសៀមរាប។ 

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងថា ករណីឃាត់ខ្លួនជនដៃដល់ទាំង២នាក់នោះ បាធ្វើឡើងកាលពីថ្ងៃទី៧ ខែតុលាម្សិលមិញនេះ នៅចំណុចផ្ទះជនដៃដល់តែម្ដង ដែលស្ថិតនៅក្នុងភូមិសាស្ត្រភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។

បើតាមលោកវរសេនីយ៍ឯក នួន ស័ក្ដិចំរើនរិទ្ធ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌខេត្តសៀមរាប បានឱ្យដឹងនៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣នេះថា ជនសង្ស័យទាំង២នាក់នោះ រួមមាន ៖ ១- ឈ្មោះ ដឿ មករា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ពាក់ព័ន្ធនឹងបទល្មើសជាក់ស្តែងករណី «អំពើលួ.ចមានស្ថានទម្ងន់ទោសដោយប្រើហិ.ង្សា» កាលពីវេលាម៉ោង០៣និង០០នាទី ឈានចូលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិអំពិលពាម ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ។ និងទី២- ឈ្មោះ យ៉ិន សុជាតិ ហៅស្រួច ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្ននៅភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ពាក់ព័ន្ធនឹងករណី: «អំពើលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ បទល្មើសស៊ើបអង្កេតបឋម)» កាលពីវេលាម៉ោង១៥និង៣០នាទី (ម៉ោងដឹងហេតុ) ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ត្រង់ចំណុចភូមិគ្រឹះរំដួល១ ស្ថិតក្នុងភូមិទឹកថ្លា ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

លោកស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌខេត្តសៀមរាប បានប្រាប់ដឹងបន្តថា «មុនពេលកើតហេតុ នៅវេលាម៉ោង៣និង០០នាទីទាបភ្លឺ ឈានចូលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ នៅចំណុចផ្ទះជនរងគ្រោះឈ្មោះ ឃីម កែវ ភេទស្រី អាយុ៥០ឆ្នាំ ស្ថិតនៅភូមិអំពិលពាម ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប មានជនសង្ស័យម្នាក់មិនអត្តសញ្ញាណ បានធ្វើសកម្មភាពចូលក្នុងផ្ទះជនរងគ្រោះ ដោយឡើងតាមជញ្ជាំងផ្នែកខាងលើ មានពាក់ភ្លើងកែវជាប់ក្បាលផង។ ភ្លាមៗនោះ ជនរងគ្រោះគាត់ភ្ញាក់ខ្លួនទាន់ ស្រាប់តែជនសង្ស័យធ្វើសកម្មភាពវា.យទៅលើជនរងគ្រោះជាច្រើនដៃ និងយកខ្នងកាំបិ.តខ្វែវកា.ប់មកលើខ្លួនជនរងគ្រោះបន្ថែមទៀត បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរតែម្ដង»។

ប្រភពដដែលបន្តថា «បន្ទាប់មក ជនសង្ស័យក៏បានយកទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាក Samsung A30S ពណ៌ស ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យក៏រត់ គេចខ្លួនបាត់ស្រមោលតែម្ដង។ ក្រោយពេលកើតហេតុ កម្លាំងនគរបាលស្រុកពួក បានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ចុះធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាណជនសង្ស័យចំនួន២នាក់ រួចនាំខ្លួនយកមកធ្វើការសាកសួរនៅអធិការនគរបាលស្រុកពួក»។

តាមចម្លើយរបស់ជនសង្ស័យឈ្មោះ ដឿ មករា ភេទប្រុស អាយុ២៤ឆ្នាំ បានឆ្លើយសារភាពថា «នៅវេលាម៉ោង០៣និង០០នាទីទាបភ្លឺ ឈានចូលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ រូបខ្លួនបានចូលលួ.ចទូរស័ព្ទចំនួន០១គ្រឿង ម៉ាក Samsung A30S និងប្រើអំពើហិ.ង្សាទៅលើជនរងគ្រោះពិតប្រាកដមែន»។ ជនសង្ស័យឆ្លើយសារភាពបន្តទៀតថា «នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៥និង៣០នាទីរសៀលកន្លងទៅ រូបខ្លួន និងឈ្មោះ យ៉ិន សុជាតិ (ស្រួច) ក៏ធ្លាប់បានធ្វើសកម្មភាពគាស់ទ្វារផ្ទះភូមិគ្រិះរំដួល១កន្លែង ស្ថិតនៅភូមិទឹកថ្លា ឃុំខ្នារ ស្រួកពួក ខេត្តសៀមរាប ដោយលួ.ចបានទូរទស្សន៍ LCD ចំនួន០៥គ្រឿងផងដែរ»។

ចំណែកជនសង្ស័យឈ្មោះ យ៉ិន សុជាតិ (ហៅស្រួច) ភេទប្រុស អាយុ៣១ឆ្នាំ ក៏បានឆ្លើយបដិសេធថា «រូបខ្លួនមិនបានចូលរួមធ្វើសកម្មភាពគាស់ផ្ទះភូមិគ្រិះរំដួល១កន្លែង ស្ថិតនៅភូមិទឹកថ្លារ ឃុំខ្នារ ស្រុកពួក ជាមួយនឹងឈ្មោះ ដឿ មករា នោះទេ។ ប៉ុន្តែនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នោះ ឈ្មោះ ដឿ មករា បានឱ្យរូបខ្លួនយកទូរទស្សន៍ម៉ាក LCD ចំនួន០១គ្រឿងទៅបញ្ចាំនឹងឈ្មោះ នឿន វ៉ាន់ ភេទប្រុស អាយុ៣៨ឆ្នាំ នៅរស់ភូមិជាមួយគ្នា ដោយបានប្រាក់ចំនួន ៤០០ ០០០ រៀល។ នៅពេលបញ្ចាំបានប្រាក់ហើយ ក៏យកទៅប្រគល់ឱ្យឈ្មោះ ដឿ មករា បន្ទាប់មកឈ្មោះ ដឿ មករា ក៏បានឱ្យប្រាក់មករូបខ្លួនចំនួន ១០,០០០ រៀល»។

លោកស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌខេត្ត បញ្ជាក់ថា បន្ទាប់ពីបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួចទាំងដកហូតវត្ថុតាងរួមមាន ៖ ទូរស័ព្ទចំនួន០១គ្រឿង ម៉ាកSamsung A30S ពណ៌ស  ក្បាលកែវឆ្លុះចំនួន០១  ដង្កាប់ដងក្រហមចំនួន០១  កាំបិ.តខ្វែវចំនួន០១ និងខោអាវពាក់ធ្វើសកម្មភាព (វត្ថុតាងពាក់ព័ន្ធនឹងអំពើលួ.ចកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣)  កង់ចំនួន០១គ្រឿង (ជិះសម្រាប់ធ្វើសកម្មភាព) និងទូរទស្សន៍ម៉ាក LCD ចំនួន០៣គ្រឿង (វត្ថុតាងពាក់ព័ន្ធនឹងអំពើលួ.ចកាលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣)។

បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ខាងលើនេះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកពួក កសាងសំណុំរឿងបញ្ជូនមកកម្លាំងការិយាល័យនគរបាលជំនាញ រួចបញ្ជូនបន្តទៅកាន់តុលាការអមសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕