2023-10-10 08:27
383

(ភ្នំពេញ)៖ ជាថ្មីម្ដងទៀត លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដាស់តឿនក្រើន រំលឹក ដល់កងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិន័យ មានសាមគ្គីភាពផ្ទៃក្នុងល្អ អនុវត្តឲ្យខាងតែបាននូវអនុសាសន៍ (៣កុំ) ជាពិសេសពេលចុះបំពេញការងារ រៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ ក៏ដូចជាចុះល្បាតក្នុងភូមិសាស្ត្រខណ្ឌ ត្រូវប្រកាន់ខ្ជាប់នូវតួនាទីភារៈកិច្ចរបស់យើង គឺទន់ភ្លន់ តែម៉ឺងម៉ាត់។

ការដាស់តឿនក្រើន រំលឹកនេះ បានថ្លែងនៅគ្រាដែលលោកអភិបាលខណ្ឌ ជួបសំណេះសំណាល និងឧបត្ថម្ភអង្កររួមទាំងថវិកា ដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ៥០នាក់ នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ នៅសាលាខណ្ឌច្បារអំពៅ។

ថ្លែងទៅកាន់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ លោកអភិបាលខណ្ឌបានបញ្ជាក់អត្ថន័យ (៣កុំ) ដូច្នេះថា៖ ទី១- កុំលេងល្បែងស៉ីសងគ្រប់ប្រភេទ, ទី២-កុំសេពគ្រឿងញៀន, និងទី៣-ឈ្លោះទាស់ទែងគ្នា ត្រូវរក្សាបានសាមគ្គីភាពផ្ទៃក្នុង។

លោកក៏សូមឲ្យកម្លាំងសណ្តាប់ធ្នាប់ទាំងអស់ត្រូវអនុវត្ត (៣កុំ) ឲ្យបាន បើបុគ្គលណាម្នាក់លួចលេងល្បែងស៉ីសង លួចសេពគ្រឿងញៀន ខុសវិន័យកងកម្លាំងត្រូវបញ្ឈប់ពីការងារ។ ចំនុចមួយទៀត កុំឈ្លោះទាស់ទែងគ្នាវាមិនល្អទេ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរកងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ។ និយាយ រួមត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ មានវិន័យល្អ និងអនុវត្តតាមការណែនាំរបស់អង្គភាព។

ចំនុចសំខាន់មួយទៀត ពេលចុះអនុវត្តការងារត្រូវរក្សាឲ្យបាននូវសេចក្តីថ្លៃថ្នូ កុំប្រើអាកប្បកិរិយាច្រងែង ច្រង៉ាង ឬពាក្យសំដីមិនសមរម្យទៅលើ ប្រជាពលរដ្ឋ ជាពិសេសពេលចុះរៀបចំ សណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ។ នេះជាការបញ្ជាក់បន្ថែម របស់លោក ចេង មុនីរ៉ា។

ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ បានកោតសសើរដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌទាំងអស់ កន្លងមកបានខិតខំបំពេញការងារយ៉ាងសកម្ម ក្នុងការការពារសន្តិសុខ ចុះរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរលើដងផ្លូវ ចុះពង្រឹងច្បាប់ចរាចរ ចូលរួមត្រួតពិនិត្យអាវុធជាតិផ្ទុះ និងចុះល្បាតតាមមូលដ្ឋាន។ ចំនុចមួយទៀត ត្រូវចេះជួយគ្នា ចេះស្រលាញ់គ្នា ចេះអធ្យាស្រ័យឲ្យគ្នា ចេះសន្តោសប្រណី ឲ្យគ្នាទៅវិញទៅមក និងចេះជួយយកអាសារគ្នា។

ដើម្បីអបអសាទរពិធីបុណ្យភ្ជុំបិណ្ឌនេះដែរ លោកអភិបាលខណ្ឌ បានឧបត្ថម្ភដល់កម្លាំងសណ្តាប់ខណ្ឌ ក្នុងម្នាក់ៗទទួល បានថវិកា១០ម៉ឺនរៀល អង្ករ៣៥ គីឡូក្រាម និងភេសជ្ជៈ០១កេស៕