2023-10-10 08:30
358

(កណ្ដាល)៖ លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល រសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣នេះ បានដឹកនាំប្រតិភូខេត្តកណ្ដាល អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក ចាន់ ឧត្តម និស្សិតនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) ដែលបានទទួលមរណៈភាព ដោយសារហេតុការប្រយុទ្ធគ្នារវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស់ កាលពីថ្ងៃសៅរ៍ ទី០៧ ខែតុលា ឆ្នាំ២០២៣។

ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្តជាអនេកនេះ ប្រតិភូខេត្តកណ្ដាលទាំងអស់ សូមសម្ដែងនូវសេចក្ដីសោកស្ដាយយ៉ាងធំធេង និងពោរពេញដោយភាពស្រណោះអាឡោះអាល័យ និងសូមចូលរួមរំលែកមរណទុក្ខ នេះជាមួយ លោក ចាន់ ឈាងទី ត្រូវជាឪពុក និងលោកស្រី នង ណារុន ត្រូវជាម្ដាយ ក្រុមគ្រួសារសព និងញាតិសារលោហិតទាំងអស់ដោយក្តីសង្វេគជាពន់ពេក ចំពោះការបាត់បង់ លោក ចាន់ ឧត្តម ដែលជាការបាត់បង់ធនធានមនុស្សមួយរូប ដែលបានកំពុងបំពេញបេសកកម្មបន្តការសិក្សាដើម្បីបង្កើនកម្រិត សមត្ថភាពយកមកបម្រើប្រទេសជាតិ។

លោក នូ សាខន និងលោក គង់ សោភ័ណ្ឌ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងខេត្តកណ្តាល ពិតមានសេចក្តីសង្វេគក្ដុកក្ដួល រន្ធត់ចិត្តឥតឧបមា យ៉ាងក្រៀមក្រំ ដោយបានទទួលឮដំណឹងថា លោក ចាន់ ឧត្តម ដែលត្រូវជាកូនបង្កើតរបស់លោក ចាន់ ឈាងទី និងលោកស្រី នង ណារុន និងជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) បានទទួលមរណៈភាពដោយសារហេតុការប្រយុទ្ធគ្នា រវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស់ នៅថ្ងៃសៅរ៍ ទី០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងជន្មាយុ២៤ឆ្នាំ ក្នុងកំឡុងពេលលោកកំពុងស្នាក់នៅ និងបន្តការសិក្សានៅទីនោះ។

ក្នុងឱកាសនោះដែរ ប្រតិភូខេត្តកណ្ដាល សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោក ចាន់ ឧត្តម សូមឲ្យបានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕