2023-10-10 08:10
406

(ព្រះសីហនុ)៖ កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោកដឹកនាំដោយ លោកវរសេនីយ៍ឯក គីម សុង នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ នៅក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះ បានសហការជាមួយកម្លាំងការិយាល័យនគរបាលសណ្ដាប់ធ្នាប់ និងមន្ទីរសាធារណការខេត្ត បន្តចុះណែនាំអ្នកបើកបររថយន្តដឹកអ្នកដំណើរនៅចំណតរថយន្ត មហោស្រពចាស់ ស្ថិតនៅក្នុងសង្កាត់លេខ ២ក្រុងព្រះសីហនុ។

លោកបញ្ជាក់ថា ការចុះអប់រំដល់អ្នកបើកបរនាពេលនេះ ធ្វើឡើងតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ដោយអនុវត្តន៍តាមផែនការរួមរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលមានលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជាប្រធាន ដើម្បីការពារសុខសុវត្ថិភាពពលរដ្ឋ ក្នុងការធ្វើដំណើរទៅកាន់ស្រុកកំណើតតាមបណ្ដារាជធានី-ខេត្ត ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

លោកនាយការិយាល័យបន្ដថា ការចុះអប់រំដល់អ្នកបើកបរនាពេលនេះ ក្នុងគោលបំណងឲ្យអ្នកបើកបរដឹកអ្នកដំណើរទាំងអស់ បង្កើនការប្រុងប្រយ័ត្នក្នុងពេលបើកបរ និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ ការចុះអប់រំណែនាំដល់អ្នកបើកបរទាំងអស់ សូមអនុវត្តរួមមាន ហាមផ្ទុកអ្នកដំណើរលើសចំណុះ ហាមបើកបរវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ហាមសេពគ្រឿងស្រវឹងពេលបើកបរ បើកបរក្នុងល្បឿនដែលច្បាប់បានកំណត់ និងចេះយោគយល់អធ្យាស្រ័យគ្នា ទើបធ្វើឲ្យការបើកបមានសុវត្ថិភាព៕