2023-10-10 08:34
423

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣នេះ បានបើកវគ្គបណ្តុះបណ្តាល ស្តីពីការចុះបញ្ជីអត្រានុកូលដា្ឋន តាមរយៈការជូនដំណឹងពីមូលដា្ឋនសុខាភិបាល ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល នៅមូលដ្ឋានសង្កាត់ចំនួន៦ នៃរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងលោក កើត ឆែ អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក កើត ឆែ បានលើកឡើងថា ការងារស្ថិតិ និងអត្រានុកូលដ្ឋាន គឺជាកិច្ចការ ដ៏មានសារៈសំខាន់ និងជាសវាតម្រូវការ ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវការក្នុងជីវភាពប្រចាំថ្ងៃ ហើយឯកសារអត្រានុកូលដ្ឋាន គឺជាឯកសារបញ្ជាក់អំពីស្ថានភាពរបស់បុគ្គលម្នាក់ៗ ដែលរួមមាន៖ កំណើត, ការរៀបអាពាហ៍ពិពាហ៍ និងមរណភាព។ សម្រាប់ទិដ្ឋភាពច្បាប់ ឯកសារអត្រានុកូលដ្ឋាន គឺជាភស្តុតាងលាយលក្ខណ៍ អក្សរ ដែលបង្ហាញអំពីស្ថានភាពគតិយុត្តរបស់បុគ្គលម្នាក់ៗ និងប្រើប្រាស់ជាមូលដ្ឋានក្នុងការកំណត់សិទ្ធិ និងកាតព្វកិច្ចផ្សេងៗផងដែរ។

លោកបញ្ជាក់ថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ និងរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឲ្យដំណើរការ យន្តការច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្ម នៅសង្កាត់ចំនួន១៤ នៃខណ្ឌទាំង១៤ ដោយធ្វើការជ្រើសរើសយក មួយសង្កាត់ ក្នុងខណ្ឌនីមួយៗ ក្នុងគោលបំណងបង្ខិតសេវានៃការផ្តល់អត្តសញ្ញាណប័ណ្ណ ឲ្យនៅកៀកជិតប្រជាពលរដ្ឋ ក្នុងនោះក្រុមការងារបានកំណត់ជ្រើសរើស យកមួយសង្កាត់ ក្នុងខណ្ឌនីមួយៗ សរុប១៤សង្កាត់ លើ១៤ខណ្ឌ នៃរាជធានីភ្នំពេញ ដើម្បីបម្រើឲ្យការងារសាកល្បងនេះ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ។

ដោយឡែក សម្រាប់លើកទី២នេះ គឺជាការដាក់ឲ្យដំណើរការសាកល្បងនូវការងារចុះបញ្ជីអត្រានុកូលដ្ឋាន តាមរយៈការជូនដំណឹង ពីមូលដ្ឋានសុខាភិបាល ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល នៅក្នុង សង្កាត់ចំនួន៦ នៃខណ្ឌពោធិ៍សែនជ័យ។

ការត្រៀមអនុវត្តទម្រង់បែបបទថ្មី គឺជាការចាប់ផ្ដើមមួយដ៏មានសារៈសំខាន់ ក្នុងគោលដៅពង្រឹងការងារគ្រប់គ្រងអត្រានុកូលដ្ឋានរបស់ប្រជាពលរដ្ឋ (កំណើត និងមរណភាព) ឲ្យស្របតាមច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលត្រូវបានប្រកាសឲ្យប្រើកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ផង និងស្របតាមគោលនយោបាយ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើទំនើបកម្មស្ថាប័ន និងការលើកកម្ពស់ការធ្វើឌីជីនូបនីយកម្ម ក្នុងរដ្ឋបាលសាធារណៈផងដែរ។

ក្រោយពីត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការ លើផ្ទៃប្រទេសរួចមក ទម្រង់បែបបទថ្មីនេះ នឹងជួយសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការស្នើសុំឯកសារអត្រានុកូលដ្ឋាន និងធ្វើឲ្យពួកគាត់មានឯកសារគ្រប់ៗគ្នា ស្របតាមគោលបំណង នៃច្បាប់ថ្មី ដែលបានបញ្ញត្តថា «ការចុះបញ្ជីអត្រានុកូលដ្ឋាន គឺធានាឲ្យមនុស្សគ្រប់រូបមានអត្តសញ្ញាណខាងផ្លូវច្បាប់ ធានានូវការគោរពសិទ្ធិមនុស្ស ការទទួលបានសេវាគ្រប់ប្រភេទ និងជាមូលដ្ឋានសម្រាប់រៀបចំផែនការ អភិវឌ្ឍន៍ និងការតាមដានភាពរីកចម្រើននៃសង្គម»៕