2023-10-10 10:30
444

ភ្នំពេញ៖ ក្លឹបកម្សាន្ត និងខារ៉ាអូខេ «BOEING» ត្រូវបានកម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលស្នងការដ្ឋានរាជធានីភ្នំពេញ ឆ្មក់ចូលបង្ក្រាប និងឃាត់ខ្លួនជនបរទេសប្រុស ស្រី សរុបចំនួន ៩១នាក់ ពាក់ព័ន្ធករណីផ្តល់ទីតាំងឲ្យមានការជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់។
    ការឆ្មក់ចូលបង្ក្រាបមណ្ឌលកម្សាន្តខាងលើ ធ្វើឡើងនៅយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ កន្លងទៅឈ្មោះ BOEING (កណ្ដាលសួន) ដែលមានទីតាំងខាងក្រោយសណ្ឋាគារ កាំបូឌីយ៉ាណា នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
   ប្រតិបត្តិការនេះ ក្រោមការសម្របសម្រួលនិតិវិធីដោយតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ក្នុងនោះឃាត់ខ្លួនមនុស្សចំនួន ៩១នាក់ រឹបអូសថ្នាំញៀនប្រមាណ ៥គីឡូក្រាម និងសម្ភារៈសម្រាប់ប្រើប្រាស់ជាច្រើនទៀត។
    ប្រតិបត្តិការចុះបង្ក្រាបនេះ ដោយអនុវត្តន៍តាមបទបញ្ជារបស់នាយឧត្ដមសេនិយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ការដឹកនាំបញ្ជារបស់នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការទទួលផែនប្រឆាំងគ្រឿងញៀន និងការដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
   បច្ចុប្បន្ន សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កំពុងសាកសួរ ធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យទាំងអស់ ដើម្បីស្រាវជ្រាវបង្ក្រាបមេខ្លោងជួញដូរញៀនគ្រឿងញៀន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕