ព្រះសីហនុ៖ ក្រុមចោរមិនស្គាល់អត្តសញ្ញា និងចំនួនបានធ្វើសកម្មភាពចូលប្លន់ផ្ទះលក់ដូរមួយកន្លែង នៅស្រុកស្ទឹងហាវដោយចាប់វាយធ្វើទារុណកម្មបណ្តាលឲ្យរងរបួសធ្ងន់ ចំនួន ០២នាក់ និងចាប់ជាចំណាប់ខ្មាំងម្នាក់នាំយកទៅសម្លាប់ចោលនៅក្នុងព្រៃខាងក្រោយផ្ទះចំងាយប្រមាណ ១០០ម៉ែត្រ។
ករណីប្លន់ដ៏កក្រើកខេត្តព្រះសីហនុខាងលើ កើតឡើងកាលពីយប់ថ្ងៃច័ន្ទ ទី០៩ ខែតុលា ឆ្នាំ២០២៣ នេះ នៅចំណុចតំបន់ទំនប់រលក ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ស្ត្រីជាម្ចាស់ផ្ទះរងគ្រោះមានវ័យ ៨១ឆ្នាំ មានមុខរបរ លក់ចាប់ហួយ និងក្មួយស្រីអាយុ ៣៦ឆ្នាំ បានរងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយសារជនល្មើសធ្វើទារុណកម្ម និងវាយធ្វើប្លន់យកមាស ប្រាក់ និងទ្រព្យសម្បត្តិ ហើយក្រុមចោរបានចាប់យកកូនប្រុសម្ចាស់ផ្ទះជាចំណាប់ខ្មាំងដោយនាំយកទៅជាមួយ និងសម្លាប់ចោលនៅក្នុងព្រៃស្ថិតខាងក្រោយផ្ទះចំងាយប្រមាណ ១០០ម៉ែត្រ។ សេចក្តីរាយការណ៍បានបន្ថែមថា ក្រោយពេលកើតហេតុសមត្ថកិច្ចចម្រុះបានចុះប្រតិបត្តិការ និងថអន្តរាគមន៍ភ្លាមជួយសង្គ្រោះជនរងគ្រោះ និងតាមប្រមាញ់មុខសញ្ញាជាចោរប្លន់។
ប្រភព័ត៌មានបានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១០ ខែតុលានេះ ស្ត្រីរងគ្រោះទាំង ០២នាក់ដែលរបួសក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះ និងកូនប្រុសដែលចោរចាប់យកទៅសមត្ថកិច្ចរុករកប្រទះឃើញសពនៅព្រៃខាងក្រោយផ្ទះជនរងគ្រោះប្រហែល ១០០ម៉ែត្រ។
ជនរងគ្រោះដែលរងរបួស រួមមាន៖ ទី១- ឈ្មោះ ខុន រី ភេទស្រី អាយុ ៣៦ឆ្នាំ ត្រូវជាក្មួយម្ចាស់ផ្ទះ និងទី២- ឈ្មោះ ហុឹម ខេន ភេទស្រី អាយុ ៨១ឆ្នាំ ជាម្ចាស់ផ្ទះ។ ចំណែកកូនប្រុសដែលចោរនាំយកទៅសម្លាប់ចោលមានឈ្មោះ ហុឹម ប៉ូឡូ ភេទប្រុសអាយុ ៤៣ឆ្នាំ។
បច្ចុប្បន្ន សមត្ថកិច្ចចម្រុះកំពុងប្រតិបត្តិការយ៉ាងក្តៅគគុកក្នុងការស្វែងរកជនល្មើសដៃដល់ និងកំពុងធ្វើបន្តគ្រប់តាំងពីយប់រហូតថ្ងៃត្រង់នេះ ប៉ុន្តែលទ្ធផលមិនទាន់ចាប់បានមុខសញ្ញាជនសង្ស័យនៅឡើយទេ៕