(កណ្ដាល)៖ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានដឹកនាំមន្ត្រីក្រោមឱវាទទាំងអស់ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញកាន់បិណ្ឌទី១១ នៅវត្តវេឡុការាម ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ស្ថិតក្នុងឱកាសអញ្ជើញកាន់បិណ្ឌទី១១នេះ លោកបានជួបសួរសុខទុក្ខ និងចែកជូនអំណោយដល់ប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទ ដែលអញ្ជើញមកធ្វើបុណ្យទាន សន្សំកុសល ហើយថែមទាំងបានជម្រាបជូនប្រជាពលរដ្ឋឱ្យកាន់តែស្រលាញ់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្ដេចជាឥស្សរជនឆ្នើម ដឹកនាំបន្តវេនពីសម្ដេចតេជោ ហ៊ុន សែន ឱ្យប្រទេសជាតិកាន់តែរីកចម្រើនខ្លាំងឡើងៗជាលំដាប់ ខណៈសម្ដេចធិបតីបានជួបជាមួយអ្នកវិនិយោគជាង ៥០ក្រុមហ៊ុន កាលគ្រាសម្ដេចអញ្ជើញទៅសហរដ្ឋអាមេរិកនាពេលកន្លងទៅថ្មីៗនេះ។
លោកបានបន្តថា បើគ្មានសន្តិភាពទេ ពួកយើងមិនអាចមានឱកាសមកធ្វើបុណ្យបានឡើយ ដូច្នេះសូម «អរគុណសន្តិភាព, រក្សាសុខសន្តិភាពឱ្យគង់វង្សយូរអង្វែងជារៀងរហូត»។
គួររំលឹកថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីជាតិដ៏ធំប្រចាំឆ្នាំ មានតាំងពីបុរាណកាលមក។ ពិធីបុណ្យភ្ជុំបិណ្ឌជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូននៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាម ទីវត្តអារាមក្នុងរយៈពេល១៥ថ្ងៃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន ញាតិសន្តាន ដែលបានចែកឋានរំលាយក្ខន្ឋ ហើយបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕