(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ តំណាងរាស្ត្រមណ្ឌលភ្នំពេញ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា បានអញ្ជើញកាន់បិណ្ឌទី១១ នៅវត្ដសំរោងអណ្តែត រាជធានីភ្នំពេញ។ ក្នុងពិធីបុណ្យកាន់បិណ្ឌប្រកបដោយក្តីសោមនស្សរីករាយនោះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីសុខាភិបាលជាច្រើនរូបផងដែរ។
ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដ៏ធំមួយនៅក្នុងចំណោមពិធីបុណ្យផ្សេងៗនៅកម្ពុជា ដែលប្រជាជនខ្មែរនាំគ្នាប្រារព្ធ ធ្វើឡើងមិនដែលអាក់ខានឡើយជារៀងរាល់ឆ្នាំ គឺចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៥រោច ដែលមាន រយៈ ពេល១៥ថៃ្ង ដោយហៅថាបុណ្យកាន់បិណ្ឌ១, បិណ្ឌ២... និងនៅថៃ្ងបញ្ចប់គឺជាថៃ្ង «ភ្ជុំបិណ្ឌ» ធំតែម្តង។ សម្រាប់បុណ្យកាន់បិណ្ឌឆ្នាំនេះ បានចាប់ផ្ដើមនៅថ្ងៃទី៣០ ខែកញ្ញា រហូតដល់ថ្ងៃទី១៣ ខែតុលា និងថ្ងៃភ្ជុំបិណ្ឌនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។
តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល គឺជាអ្នកគោរពប្រណិប័តន៍យ៉ាងខ្ជួននូវពិធីបុណ្យទាំងឡាយ ដែលជាទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរ ហើយក៏ជាអ្នកទ្រទ្រង់ពិធីបុណ្យទាំងឡាយរបស់ជាតិ ឱ្យខ្ពស់ត្រដែតឡើងផងដែរ។
ជាកិច្ចចាប់ផ្តើមនៃពិធីនាព្រឹកមិញនេះ លោកអាចារ្យបានដឹកនាំពិធីតាមបែបពុទ្ធសាសនារបស់ខ្មែរ ដោយការនមស្ការ ព្រះរតនត្រ័យ វេបបាយបិត្តបូរ សមាទានសីល វេរចង្ហាន់ រាប់បាត្រ ជាដើម។
ក្នុងឱកាសអញ្ជើញកាន់បិណ្ឌប្រកបដោយទឹកចិត្តជាសទ្ធាដ៏ជ្រះថ្លានោះ តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល បាននាំយកចង្ហាន់ និងទេយ្យទានជាច្រើនប្រគេនព្រះសង្ឃ។ តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបួងសួង និងឧទ្ទិសមហាកុសលផលបុណ្យទាំងឡាយ កើតចេញពីពិធីកាន់បិណ្ឌនោះ ជូនទៅដល់វិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង, លោកយាយ មហាឧបា សិកា ឌី ប៉ុក ដែលជាមាតាបិតាបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន, ឧទ្ទិសចំពោះវិញ្ញាណនក្ខន្ធ លោក មហា ឧបាសក លីន គ្រី និងអ្នក ឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែល ជាបិតាមាតា បង្កើត របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងលោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៉ឹង ដែលជាប្អូនស្រីបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងជីដូនជីតា និងបុព្វការីជន ដែលបានចែកឋានទៅ។
តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានឧទ្ទិសកុសលផលបុណ្យជូនទៅដល់ដួងវិញ្ញាណ ក្ខន្ធបុព្វបុរស អ្នកស្នេហាជាតិ ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ និងបាត់បង់ជីវិត ក្នុងពេលប្រទេសជាតិជួបវិបត្តិនៃភ្លើងសង្គ្រាមផងដែរ។
ក្នុងពិធីកាន់បិណ្ឌវេនទី១១ ប្រកបដោយទឹកចិត្តជ្រះថ្លានាព្រឹកមិញនេះ តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រគេនបច្ច័យដល់ព្រះសង្ឃ សម្រាប់កសាងសមិទ្ធផលនានានៅក្នុងវត្តសំរោងអណ្ដែតផងដែរ៕