2023-10-11 08:47
526

(ព្រៃវែង)៖ ក្នុងឱកាសដែលប្រជាពលរដ្ឋខ្មែរ ជាពុទ្ធបរិស័ទនៅទូទាំងប្រទេស ដែលគោរពប្រតិបត្តិ ទំនៀមទំលាប់ ប្រកាន់ភ្ជាប់ ប្រពៃណី ព្រះពុទ្ធសាសនា ហើយតែងតែធ្វើបុណ្យធ្វើទាន នៅគ្រប់រដូវកាលនៃពិធីបុណ្យនីមួយៗ ជារៀងរាល់ឆ្នាំនោះ សម្រាប់ឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៣នេះ។

ជាក់ស្តែងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ លោក វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងលោកស្រី ហេង ពៅ ព្រមទាំងបុត្រ និងចៅ លោក កែវ ពិសិដ្ឋ តំណាងរាស្ត្រមណ្ឌលត្បួងឃ្មុំ និងលោកស្រី ស៊ឹម សុផល ព្រមទាំងបុត្រ បានអញ្ជើញបង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខន្ធ ជីដូន ជីតា មាតា បិតា ញាតិកាទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមជួបតែសេចក្តីស្ងប់ ក្នុងសុខគតិភព នាចេតិយ ស្ថិតក្នុងបរិវេណគេហដ្ឋាននៃស្រុកកំណើតលោក វង សូត ស្ថិតនៅក្នុងឃុំជាច ស្រុកកំចាយមា ខេត្តព្រៃវែង។

គួររំលឹកថា ជារៀងរាល់ឆ្នាំឲ្យតែដល់រដូវបុណ្យទាន លោក វង សូត និងលោកស្រី ហេង ពៅ ព្រមទាំងកូន និងចៅ លោក កែវ ពិសិដ្ឋ និងលោកស្រី ស៊ឹម សុផល ព្រមទាំងបុត្រ រួមនិងញាតិមិត្ត បងប្អូន ទាំងអស់ តែងតែរៀបចំពិធីបង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខន្ធ ជីដូន ជីតា មាតា បិតា ញាតិកាទាំង៧សណ្តាន ឥតមានអាកខានម្តងណាឡើយ ដើម្បីជាកិច្ចដឹងគុណចំពោះជីដូន ជីតា មាតា បិតា ដែលកាលលោកនៅមានជម្មាយុ បានខិតខំបីបាច់ថែរក្សា កូន ចៅ ប្រកបដោយព្រហ្មវិហារធម៌ និងបានផ្តល់ឱកាសដល់កូន ចៅ បានសិក្សារៀនសូត្រគ្រប់ៗគ្នា។ ជាក់ស្តែងលោក វង សូត្រ បានចូលបម្រើការងារជាមន្ត្រីរាជការ និងត្រូវបានរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្ត ប្រគល់តួនាទី ភារកិច្ច ជាបន្តបន្ទាប់ រហូតទទួលបានមុខតំណែង ជាអនុប្រធានទី២ នៃរដ្ឋសភាជាតិ នីតិកាលទី៧នេះ។

ជាការចូលរួមចំណែកក្នុងការកសាងសមិទ្ធផលនានា ក្នុងទីអារាមវត្តជាច លោក វង សូត និងលោកស្រី ហេង ពៅ ព្រមទាំងបុត្រ និងចៅ លោកកែវ ពិសិដ្ឋ និងលោកស្រី ស៊ឹម សុផល ព្រមទាំងបុត្រ បានប្រគេនបច្ច័យដល់ព្រះចៅអធិការវត្ត ចំនួន៥លានរៀល ទុកសម្រាប់កសាងសមិទ្ធផលដែលបម្រើឱ្យវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ បានកាន់តែរីកទចំរើនរុងរឿង ជារៀងរហូត។ ជាមួយគ្នានេះ បានប្រគេនបច្ច័យ សម្រាប់ព្រះសង្ឃ៧អង្គ ក្នុង១អង្គៗ សាដក១ និងបច្ច័យ១០ម៉ឺនរៀល។ ដោយឡែកសម្រាប់យាយជី តាជី និងប្រជាពលរដ្ឋចំនួន ៥០០នាក់ បានរៀបចំអាហារសាមគ្គី១ពេល និងក្នុងម្នាក់ៗ ទទួលបានប្រេងកូឡា១ខ្លង ក្រម៉ា១ និងថវិកា៥ម៉ឺនរៀល។

ជាមួយគ្នានោះ ដើម្បីចូលរួមចំណែក និងលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ក្នុងទីអារាមវត្តជាច លោក វង សូត បានប្រគេនទយ្យទាន ទយ្យវត្ថុ និងគ្រឿងឧបភោគ បរិភោគ ដល់ព្រះចៅអធិការវត្ត រួមមាន អង្ករ៦បេ ទឹកក្រូច២០កេស ទឹកសុទ្ធ១០កេស ទឹកដោះគោខាប់១កេសធំ ស្ករសរ១បេ តែ៥គីឡូក្រាម ត្រីខ១កេសធំ  មីម៉ាម៉ា១កេសធំ និងប៊ីចេង១កេស៕