2023-10-11 08:56
417

(ក្រចេះ)៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តក្រចេះ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ បានប្រារព្ធពិធីទិវាមនុស្សចាស់កម្ពុជា និងមនុស្សចាស់អន្តរជាតិ១ តុលា ឆ្នាំ២០២៣ លើកទី២៥ ក្រោមប្រធានបទ «ការជួយមនុស្សវ័យចាស់គឺជួយយើងទាំងអស់គ្នា»។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោកស្រី ខាំ សុភាព អភិបាលរងខេត្តក្រចះ និងមានការអញ្ជើញចូលរួមពីសំណាក់ប្រធាន អនុប្រធាន មន្ទីរជុំវិញខេត្ត អភិបាលស្រុក ក្រុង និងមនុស្សចាស់ចំនួន ៣២៨នាក់ផងដែរ នៅសាលមហោស្របខេត្តក្រចេះ។

លោក ចាន់ សុគុណ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន យុវនីតីសម្បទាខេត្ត បានបញ្ជាក់ថា អនុគណៈកម្មាធិការដើម្បីមនុស្សចាស់ខេត្តក្រចេះ បានបង្កើតសមាគមមនុស្សចាស់នៅតាមបណ្តាឃុំ-សង្កាត់ ក្នុងខេត្តក្រចេះ បានចំនួន ៤២ឃុំ និង ៥សង្កាត់។ ក្នុងនោះបានដំណើរការចំនួន ១៦ឃុំ និង១សង្កាត់ ។ នៅសល់២៦ ឃុំ និង ៤សង្កាត់ទៀត មិនទាន់បានដំណើរការនៅឡើយ។

ប្រធានមន្ទីរ បានលើកឡើងថា ពិធីនេះធ្វើឡើងដើម្បីរំលឹកគុណដល់មនុស្សវ័យចាស់ និងលើកកម្ពស់ការទទួលខុសត្រូវ ក្នុងការចូលរួមចំណែកកសាងសង្គមគ្រួសារ និងសង្គមជាតិ ដែលមានការយកចិត្តទុកដាក់ចំពោះសុខុមាភាពមនុស្សចាស់។ ការប្រារព្ធទិវានេះ មិនមែនមានតែប្រទេសកម្ពុជាទេ គឺគ្រប់ប្រទេសក្នុងពិភពលោក ដែលជាសមាជិកអង្កការសហប្រជាជាតិ សុទ្ធតែប្រារព្ធធ្វើឡើងដូចគ្នា ដោយកំណត់យកថ្ងៃទី១ ខែតុលា ជារៀងរាល់ឆ្នាំ។

លោកស្រីអភិបាលរងខេត្ត បានគូសបញ្ជាក់ថា នៅក្នុងគ្រប់កម្មវិធីនយោបាយរាជរដ្ឋាភិបាលកម្ពុជា តែងតែផ្ដល់ការយកចិត្តទុកដាក់លើការងារមនុស្ស វ័យចាស់ជាអាទិភាពមួយក្នុងចំណោមគោលនយោបាយអាទិភាពនានា។ ជាក់ស្ដែង រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលក្នុងនោះការអភិវឌ្ឍវិស័យ សង្គមកិច្ចជាអាទិភាពសំខាន់មួយៗនៅក្នុងបញ្ចកោណទី១ ការអភិវឌ្ឍមូលធនមនុស្ស និងក្នុងមុំទី៤ «ការ ពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង» ដែលមានគោលដៅជាយុទ្ធសាស្ត្រ គឺការកសាង និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឱ្យមានលក្ខណៈប្រមូលផ្តុំ និងសង្គតិភាព ទាំងក្នុងប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខ សង្គម និងការពង្រឹងប្រព័ន្ធស្បៀងដែលផ្ដល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់ប្រជាជនគ្រប់រូប។

លោកស្រីបានបន្តថា មនុស្សវ័យចាស់ ត្រូវទទួលបាននូវការជួយឧបត្ថម្ភគាំទ្រដោយក្រសួង ស្ថាប័នដែលមានសមត្ថកិច្ច រដ្ឋបាលថ្នាក់ក្រោមជាតិ កាកបាទក្រហមកម្ពុជា សប្បុរសជននានា និងអង្គការមិនមែនរដ្ឋាភិបាលផងដែរ។ សកម្មភាពប្រកបដោយ សប្បុរសធម៌ទាំងនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីវប្បធម៌ជួយឧបត្ថម្ភគាំទ្រគ្នា និងការរួបរួមគ្នាជួយជ្រោមជ្រែង ដោះស្រាយនូវទុក្ខលំបាករបស់ជនរួមជាតិ ជាពិសេស មនុស្សចាស់ ជរា ពិការ ក្រីក្រ គ្មានទីពឹង នៅក្នុងសង្គមជាតិ។

ក្នុងនោះលោកស្រីអភិបាលរងខេត្ត ក៏បានអំពាវនាវឱ្យបង្កើនការយកចិត្តទុកដាក់ និងគាំទ្រតាមគ្រប់មធ្យោបាយ, ឆ្លៀតសួរសុខទុក្ខ និងជួយឧបត្ថម្ភដល់ជនចាស់ជរា ជាពិសេសជនចាស់ជរាពិការដែលមានការលំបាកនៅតាមសហគមន៍, ជួយបង្កលក្ខណៈងាយស្រួល ដល់សមាគមមនុស្សចាស់កម្ពុជាដែលមានស្រាប់ និងសូមជួយគាំទ្របន្តដល់ការអន្តរាគមន៍ជំរុញសកម្មភាពបង្កើត ជួយពង្រឹង និងពង្រីកសមាគមមនុស្សចាស់នៅតាមសហគមន៍មូលដ្ឋាន ដើម្បីបង្កើនស្មារតីសាមគ្គីជួយគ្នាទៅវិញ ទៅមករវាងមនុស្សចាស់ទូទៅនៅកម្ពុជា ជាពិសេសមនុស្សចាស់ជរាពិការ មនុស្សចាស់ជរាមានជំងឺក្រីក្រគ្មានទីពឹ៕