2023-10-11 09:00
406

(ក្រចេះ)៖ លោក ឡឹក សុធារ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម និងលោក គង់ គឹមនី អភិបាលរងខេត្ត និងប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្របើគ្រងគ្រោះមហន្តរាយខេត្តក្រចេះ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញចែកស្រូវពូជដែលជាអំណោយរដ្ឋាភិបាល ដល់ប្រជាពលរដ្ឋចំនួន៤០០គ្រួសារ ដែលរងការខូចខាតដោយទឹកជំនន់ ក្នុងស្រុកឆ្លូង ខេត្តក្រចេះ ដើម្បីដំណាំស្តារឡើងវិញ។

យោងតាមរបាយការណ៍របស់លោកស្រី គង់ លឹមហូ អភិបាលស្រុកឆ្លូង បានបញ្ជាក់ថា ទឹកជំនន់បានធ្វើឱ្យប៉ះពាល់ និងខូចខាតផ្លូវលំជនបទ ទំនប់ ប្រឡាយ និងផលដំណាំ ពិសេសដំណាំស្រូវប៉ះពាល់ចំនួន ៣៣២ហិកតា ក្នុងនោះខូចខាតចំនួន ២៤៥ហិកតា ស្មើនឹង ៤០០ គ្រួសារ ដើម្បីជាការអន្តរាគមន៍ និងឆ្លើយតបគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ស្រុក និងមន្ទីរជំនាញបានចុះពិនិត្យ វាយតម្លៃផលប៉ះពាល់ ការខូចខាត និងតម្រូវការស្ដារដំណាំស្រូវឡើងវិញ ជាលទ្ធផលផ្ទៃដីស្តារការដាំដុះដំណាំស្រូវមានចំនួន ២៤៥ហិកតា ដែលមានតម្រូវការគ្រាប់ពូជស្រូវសរុបចំនួន ៤០តោន សម្រាប់ចែកជូនប្រជាពលរដ្ឋនៅក្នុងស្រុកឆ្លូង ចំនួន៤០០ គ្រួសារ។

ក្នុងឱកាសនោះដែរ លោក គង់ គឹមនី បានលើកឡើងថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងក្នុងនាមរូបលោកផ្ទាល់សូមសម្ដែងនូវការ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរបស់អាជ្ញាធរស្រុក ឃុំ និងផ្នែកជំនាញពាក់ព័ន្ធដែលបានសហការចុះត្រួតពិនិត្យ និងតាមដានជាប់ជាប្រចាំលើផលប៉ះពាល់ ការខូចខាតរបស់ប្រជាពលរដ្ឋ និងលើកសំណើសុំគ្រាប់ពូជស្រូវមកគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានយ៉ាងទាន់ពេលវេលា ដើម្បីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត មានមូលដ្ឋានលើកជូនប្រធានគណៈកម្មាធិការប្រព័ន្ធស្បៀងបម្រុងកម្ពុជា ទើបថ្នាក់ជាតិមានមូលដ្ឋានផ្តល់គ្រាប់ពូជស្រូវជូនដល់ប្រជាពលរដ្ឋដែលមានលទ្ធភាពស្តារឡើងវិញ និងចែកជូនដល់ប្រជាពលរដ្ឋធ្វើការដាំដុះបានទាន់ពេលវេលា។

លោកអភិបាលរង សូមថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយ និងការចង្អុលណែនាំយ៉ាងម៉ត់ចត់ក្នុងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសការផ្តល់គ្រាប់ពូជស្រូវជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ ទឹកភ្លៀង និងទឹកជំនន់ទន្លេមេគង្គនៅក្នុងខេត្តក្រចេះ។

មន្រ្តីជំនាញក្រសួងកសិកម្ម បានណែនាំឱ្យប្រជាពលរដ្ឋដឹងពីរបៀបសាបព្រោះដាំដុះ ដោយសារស្រូវពូជនេះ មិនអាចទុកយូរបានទេត្រូវតែប្រញាប់រូតរះយកទៅធ្វើការសាបព្រោះឱ្យបានទាន់ពេលវេលា។

មន្ត្រីជំនាញក៏បានបង្ហាញអំពីបច្ចេកទេសមួយចំនួនមុននឹងយកទៅសាបព្រោះ គឺត្រូវត្រាំទឹករយៈពេល ៣៦ម៉ោងហើយយកទៅដាក់ហាល រយៈពេលខ្លី ទើបយកទៅសាបព្រោះបានដែលធ្វើឱ្យគ្រាប់ពូជនោះមានកម្លាំងនៅក្នុងការលូតលាស់បានល្អ។ ក្រៅពីនោះក៏ត្រូវការភ្ជរាស់ដីនិងសម្អាតដីឱ្យបានល្អ រៀបស្មើ ដែលជាសារៈសំខាន់បំផុតសម្រាប់ការគ្រប់គ្រងទឹក និងស្មៅជាដើម៕