រតនគិរី៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានបញ្ជាផ្ទាល់ទៅលោក នូ ថេរ អភិបាលស្រុកលំផាត់ ឲ្យចុះទៅដោះស្រាយដើម្បីសម្របសម្រួលជាបន្ទាន់ បន្ទាប់ពីលោកទទួលបានដំណឹងថា កម្មករធ្វើការនៅក្នុងក្រុមហ៊ុន ដូនពេញ អាគ្រីកូ ក្រុមហ៊ុនវៀតណាម (ចម្ការចេក) លើកគ្នាមកតវ៉ានៅមុខក្រុមហ៊ុនទាមទារបើកប្រាក់ខែ ខណៈដែលក្រុមហ៊ុននោះ មិនបើកលុយឲ្យមេការ ដើម្បីបើកលុយឲ្យកម្មករ បែរជាដកមេការចេញ បញ្ឈប់ឲ្យធ្វើការ។
ហេតុការណ៍នេះ បានកើតឡើង នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅមុខក្រុមហ៊ុន ដូនពេញ អាគ្រីកូ ក្រុមហ៊ុនវៀតណាម ដែលមានទីតាំងស្ថិតក្នុងភូមិស្រែឈូក ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី។
បើយោងតាមការឲ្យដឹងពីក្រុមកម្មករ ដែលមកតវ៉ានោះ បានឲ្យដឹងថា ពួកគាត់ចង់វិលត្រឡប់ទៅស្រុកកំណើត ដើម្បីធ្វើបុណ្យ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ តែក្រុមហ៊ុនមិនបើកលុយឲ្យពួកគាត់រយៈពេល ២ខែ ១០ថ្ងៃមកហើយ។
ដោយមេការកម្មករទាមទារបើកលុយ ទៅខាងក្រុមហ៊ុនច្រើនដងពេក ខាងក្រុមហ៊ុនចង់ដកមេការចេញ និងក្រុមហ៊ុនបញ្ឈប់មេការនោះមិនឲ្យធ្វើការ ម្យ៉ាងទៀតខ្មែរដែលលក់ដូរក្នុងក្រុមហ៊ុននោះ ក៏បញ្ឈប់ឲ្យមានការលក់ដូរដែរ តម្រូវឲ្យក្រុមបងប្អូនកម្មករធ្វើការនិងជួបផ្ទាល់ជាមួយខាងក្រុមហ៊ុនវិញ។ ដូច្នេះពួកគាត់មិនសុខចិត្តទេ ត្រូវតែលើកគ្នាមកតវ៉ា ទាមទារឲ្យខ្មែរមានការលក់ដូរ ទាមទារឲ្យបើកប្រាក់ខែ តាមរយៈមេការខ្មែរ និងមិនត្រូវបញ្ឈប់មេការខ្មែរទេ។
ពួកគាត់បានបញ្ជាក់ទៀតថា បើមិនមានមេការខ្មែរ គឺមិនបានទេ ពីព្រោះមេការខ្មែរនៅជាមួយពួកគាត់ ជួយដោះស្រាយរាល់បញ្ហាដែលកើតមានឡើង ដូចជា ខ្វះខាតការហូបចុក ដោះស្រាយថ្នាំសង្កូវ ពេលឈឺស្កាត់យប់ថ្ងៃ ពិសេសជាអ្នកទទួលខុសត្រូវ រាល់ពេលយកលុយពីក្រុមហ៊ុនមកចែកជូនពួកគាត់។
ឆ្លើយតបនឹងករណីខាងលើនេះ លោក នូ ថេរ អភិបាលស្រុកលំផាត់ បានធានានៅមុខហ្វូងកម្មករថា លោកបានដោះស្រាយជាមួយក្រុមហ៊ុនហើយ។ នៅរសៀលម៉ោង ២នេះ ខាងក្រុមហ៊ុននិងបើកប្រាក់ខែ តាមរយៈមេការដូចដើម ព្រមទាំងមានអាជីវករលក់ដូរ ដូចកាលពីមុនជាធម្មតា។
បើទោះជាយ៉ាងណា ក្រុមកម្មករបានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមហ៊ុននេះ បានកៀបសង្កត់ធ្វើបាបពួកគាត់ជាយូរមកហើយ ដោយសន្យាថា កន្លះខែបើកប្រាក់ខែឲ្យម្ដង តែយូរៗទៅ មួយខែបើកឲ្យម្ដង រហូតដល់ពេលនេះ ខែធ្វើបុណ្យប្រពៃណីខ្មែរយើងហើយ ២ខែ ១០ថ្ងៃ នៅតែមិនបើកប្រាក់ខែឲ្យទៀត រហូតដល់ពួកគាត់មិនមានបាយហូប នាំគ្នាបានអង្ករ ១បេ ២បេ ចែកគ្នាដាំបបរហូប។
គួរបញ្ជាក់ផងដែរថា បងប្អូនកម្មករដែលលើកគ្នាមកតវ៉ាខាងលើនេះបានទទូចស្នើសុំ អាជ្ញាធរស្រុក លោកអភិបាលខេត្តនិងស្ថាប័នពាក់ព័ន្ធជួយដោះស្រាយនិងសម្របសម្រួលតាមសំណូមពររបស់ពួកគាត់ផង៕