(កំពត)នាថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៣នេះឯកឧត្តម ម៉ៅ ធនិន អធិបាលខេត្តកំពតបានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរក្រុងកំពតដើម្បីចុះពិនិត្យជាក់ស្ដែងកន្លែងការដ្ឋានស្ថាបនានិងពង្រឹកផ្លូវនៅតាមបណ្ដោយដងព្រែកកំពង់បាយចាប់ពីចំណុចផ្លូវកែងខាងត្បូងសាលាខេត្តកំពត រហូតដល់រង្វង់មូលត្រីផ្សោតដើម្បីសម្រួលខាងក្នុងក្នុងការកកស្ទះរាល់ការធ្វើចរាចរណ៍ទៅកាន់តំបន់ឆ្នេរខ្សាច់កោះស្មៅដើម្បីសម្រួលចរាចរណ៍ដល់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលមកលេងលម្ហែកម្សាន្តនៅកន្លែងទីតាំងរង្វង់មូលត្រីផ្សោតនេះ។
ដើម្បីបញ្ជៀសវាងការកកស្ទះចរាចរណ៍ក្នុងឱកាសពិធីបុណ្យអុំទូកនាពេលខាងមុខ ក៏ដូចជាពិធីបុណ្យភ្ជុំបិណ្ឌ នាប៉ុន្មានថ្ងៃខាងមុខនេះដែរ នេះហើយដើម្បីសម្រួលដល់ការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ទៅកាន់តំបន់កោះស្មៅ អភិបាលខេត្តកំពតបានឱ្យអាជ្ញាធរក្រុងកំពតធ្វើការពង្រីកផ្លូវនៅតាមបណ្តោយព្រែកកំពង់បាយចន្លោះពីផ្លូវកែងខាងត្បូងសាលាខេត្តកំពត រហូតដល់រង្វង់មូលត្រីផ្សោតដែលមានទំហំតូច ហើយមានការកកស្ទះរាល់ពេលមានពិធីបុណ្យទានម្តងៗនោះ។
ក្រោមការដឹកនាំ នឹងចង្អុលបង្ហាញរបស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់គ្រប់ទីកន្លែងក្នុងក្រុងកំពតត្រូវបានស្ថាបនា និងកែលម្អសោភ័ណភាពជាបន្តបន្ទាប់ ដើម្បីផ្តល់ភាពងាយស្រួលសម្រួលដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និង អន្តរជាតិ ក្នុងការធ្វើដំណើរមកលេងកម្សាន្តនៅក្នុងខេត្ត។
បើយោងតាមការលើកឡើងឱ្យដឹងពីលោក លាង រឿន សុធី អភិបាលក្រុងកំពត បានឱ្យដឹងថា គម្រោងនៃការពង្រីកផ្លូវនៅតាមបណ្តាយឆ្នេរព្រែកកំពង់បាយ ចាប់ពីចំណុចផ្លូវកែងខាងត្បូងសាលាខេត្តកំពត រហូតដល់រង្វង់មូលត្រីផ្សោតនេះ គឺយើងធ្វើការពង្រីកបន្ថែមឱ្យបានទំហំយ៉ាងតិចមានទទឹង ១២ម៉ែត្រ។
លោក លាង រឿន សុធី អភិបាលក្រុងបានបន្ថែមឱ្យដឹងថា បើសិក្សាតាមស្ថានភាពជាក់ស្តែងនៃផ្លូវនេះ ទីតាំងខ្លះពេលពង្រីកបន្ថែមអាចមានទំហំទទឹងរហូតទៅដល់ ២០ម៉ែត្រ ហើយការស្ថាបនាពង្រីកផ្លូវនេះនឹងធ្វើឱ្យបានរួចរាល់នៅមុនពេលបុណ្យអុំទូកមកដល់នាពេលខាងមុខ។
លោកអភិបាលក្រុងក៏បានបញ្ជាក់បន្ថែមថា ផ្លូវនេះគឺតែងតែមានការកកស្ទះចរាចរណ៍នៅពេលដែលមានបុណ្យទានម្តងៗ ហើយថ្ងៃសៅរ៍ អាទិត្យ ក៏មានការកកស្ទះខ្លះដែរ ដោយសារតែផ្លូវមួយខ្សែនេះ គឺជាផ្លូវដែលពលរដ្ឋ និងភ្ញៀវទេសចរធ្វើដំណើរទៅលេងកម្សាន្តនៅឆ្នេរកោះស្មៅ។
ជាមួយគ្នានេះដែរ បន្ទាប់ពីចុះពិនិត្យការដ្ឋានពង្រីកផ្លូវរួចមក ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តក៏បានបន្តចុះទៅពិនិ្យការដ្ឋានស្ថាបនាសួនលំហែព្រែកកំពង់បាយ ដែលមានទីតាំងស្ថិតនៅមុខសាលាខេត្តចាស់ ដែលសួននេះស្ថាបនាបានប្រមាណ៨០%ហើយ។
សួនលំហែព្រែកកំពង់បាយនេះ គឺជាកន្លែងថ្មីមួយទៀតដែលក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមអភិបាលខេត្តឱ្យមានការស្ថាបនាឡើង គឺដើម្បីឱ្យភ្ញៀវទេសចរដែលមកកម្សាន្តក្នុងខេត្ត អាចអង្គុយមើលថ្ងៃរៀបលិចលើខ្នងភ្នំបូកគោបានយ៉ាងស្រស់ស្អាត។
ក្នុងឱកាសនៃការចុះពិនិត្យនេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានជំរុញដល់ក្រុមការងារស្ថាបនាសួនលំហែព្រែកកំពង់បាយនេះ ធ្វើយ៉ាងណាស្ថាបនាឱ្យបានរួចរាល់មុនពេលពិធីបុណ្យអុំទូកចូលមកដល់ ដើម្បីភ្ញៀវទេសចរបានមកកម្សាន្ត និងបន្ថែមការទាក់ទាញភ្ញៀវទេសចរឱ្យមកលេងខេត្តកំពតបន្ថែមទៀត ក៏ដូចជាបន្ថែមសោភ័ណ្ឌភាពក្រុងកំពត ដែលជាបេះដូងនៃខេត្តទេសចរណ៍ដ៏ល្អផូផង់មួយនេះ។(សឹង រ៉ាត់)