2023-10-11 11:49
469

នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ ក្រសួងទេសចរណ៍បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការវិនិយោគ និងអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរ ក្រោមអធិបតីភាព លោក យិន ណាត ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងលោកស្រី ទិត សុខា អភិបាលរងនៃគណៈអភិបាលខេត្តកែប ដោយបានការចូលរួមពី លោក លោកស្រី ប្រធានអនុវត្តគម្រោង ក្រុមការងារពិគ្រោះយោបល់ក្នុងស្រុក តំណាងមន្ទីរអង្គភាពពាក់ព័ន្ធ តំណាងសហគមន៍ទេសចរណ៍ អាជីវករ ប្រតិបត្ដិករទេសចរណ៍ ផងដែរ។

លោកស្រី ទិត សុខា អភិបាលរងខេត្តបានលើកឡើងថា ខេត្តកែបមានចក្ខុវិស័យច្បាស់លាស់ ហើយសក្តានុពលខ្ពស់ក៏ជាខេត្តទេសចរណ៍ធម្មជាតិតំបន់ឆ្នេរផងដែរ និងជាខេត្តដែលបានដាក់ចេញនូវចក្ខុវិស័យ គោលដៅទេសចរសម្រាកលម្ហែកម្សាន្ដប្រណិតកម្រិតខ្ពស់ ទន្ទឹមនឹងការដាក់ចេញនូវចក្ខុវិស័យទាំងនេះរដ្ឋបាលខេត្តកែប តែងតែទទួលបាននូវជ័យលាភីជាបន្ដបន្ទាប់ ក្នុងចលនាប្រឡងប្រណាំងនានា និងកំពុងជាបេក្ខភាពក្នុងការជ្រើសរើសអនុវត្តកម្មវិធីទីក្រុងឈានមុខនៅក្នុងបណ្ដាប្រទេសអាស៊ាន និងជាខេត្តដែលត្រូវបានទទួលស្គាលថា មានខ្យល់ស្អាត តាមរយៈការទទួលបានវិញ្ញាបនបត្រដែលទទួលស្គាល់គុណភាពខ្យល់កាលពីពេលថ្មីៗនេះ។

លោកស្រីបានបន្ដថា ផ្អែកតាមទិន្នន័យមូលដ្ឋានប្រចាំឆ្នាំ អត្រាភាពក្រីក្ររបស់ប្រជាជនបានថយចុះពី ១២,៨៤% នៅឆ្នាំ២០១៧ មកនៅត្រឹម ២,៦១% នៅឆ្នាំ២០២២។
ទំហំសេដ្ឋកិច្ចខេត្ដមាន ២១៨,៥៣២លានរៀល គិតជាដុល្លា ៥៤លានដុល្លារអាមេរិក ស្មើនឹង ០,២០% នៃសេដ្ឋកិច្ចជាតិសរុបនាក្នុងនោះដែរសេដ្ឋកិច្ចខេត្ត មានកំណើន ០.៣% នៅឆ្នាំ២០២១ ធៀបនឹងឆ្នាំ២០២២ ចំណូលមធ្យមរបស់មនុស្សម្នាក់ ស្មើនឹង១,២០៦ដុល្លារ។

ក្នុងសិក្ខាសាលានេះលោក យិន ណាត ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ មានប្រសាសន៍ថា វិស័យទេសចរណ៍ ជាវិស័យអាទិភាពសេដ្ឋកិច្ចសំខាន់ជាមាសបៃតង ដែលត្រូវបានកំណត់ក្នុងយុទ្ធសាស្រ្ដបញ្ចកោណរបស់រាជររដ្ឋាភិបាល និងកំពុងរួមចំណែកក្នុងការអភិវឌ្ឍ កំណើនឱកាសការងារ ចំណូលការរកទីផ្សារ លក់ផលិតផល សេវាកម្មសម្រាប់ប្រជាពលរដ្ឋ ព្រមទាំងជួយផ្សព្វផ្សាយលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្ដរជាតិ ក្នុងវិស័យទេសចរណ៍នេះផងដែរ។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងការខិតខំប្រឹងប្រែងសហការគ្នាពីគ្រប់ក្រសួង ស្ថានប័ន និងវិស័យឯកជន បានធ្វើឲ្យវិស័យទេសចរណ៍ងើបឡើងវិញជាបណ្ដើរៗ ចាប់ពីឆ្នាំ២០២២មក។ 

លោកបានលើកឡើងបន្ថែមថា ការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរ ២០២៤-២០២៨ គឺត្រូវទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដោយឈរលើអភិក្រមនៃភាពជាដៃគូ ចតុភាគី បង្កើន ៥-BUILD និង អភិវឌ្ឍ៣-៣DS ដើម្បីប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ពិភពលោកប្រកបដោយបដិសណ្ឋារកិច្ចល្អ ភាពកក់ក្ដៅជាទីកន្លែងដែលមានភាពប្រសើរបំផុតសម្រាប់ការរស់នៅ និងទស្សនា។

លោកមានជំនឿយ៉ាងមុតមាំថា សិក្ខាសាលាពិគ្រោះយោបល់នាថ្ងៃនេះ នឹងនាំមកនូវធាតុចូលសំខាន់ៗសម្រាប់រៀបចំសេចក្ដីព្រាងផែនការអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរ ហើយក្រុមការងារនឹងយកសេចក្ដីព្រាងផែនការអភិវឌ្ឍន៍ទេសចរណ៍នេះមកបង្ហាញ និងពិភាក្សា២លើកទៀត ដើម្បីធានាថា ការអនុវត្ត ផែនការនេះនៅពេលខាងមុខ ប្រកបដោយប្រសិទ្ធភាព សកិ្ដសិទ្ធភាព ចិរភាព បរិយាប័ន្ន និងការទទួលខុសត្រូវខ្ពស់។

ក្នុងនោះដែរ លោក ឆាយ វឌ្ឍនា ទីប្រឹក្សាអភិវឌ្ឍន៍គម្រោងក្រសួងទេសចរណ៍  បានធ្វើបទបង្ហាញទាក់ទងនិងការរៀបចំផែនការអភិវឌ្ឍន៍តំបន់ទេសចរណ៍ និងបានធ្វើបទបង្ហាញពាក់ព័ន្ធសិក្ខាសាលាពិគ្រោះយោបល ដើម្បីកសាងផែនការអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរដល់សិក្ខាកាមផងដែរ។(សឹង រ៉ាត់)