(កណ្ដាល)៖ លោកស៊ូ បញ្ញា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល, និងលោកស្រី ស៊ូ សុជាតា តំណាងអយ្យការ បានសម្រេចចោទប្រកាន់ជនដៃដល់សម្លាប់ប្រពន្ធកូនខ្លួននៅស្រុកកណ្ដាលស្ទឹងពីបទ «ឃាតកម្មគិតទុកជាមុន» តាមបញ្ញត្តិមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ។
នេះបើតាម លោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល និងលោក ខា ដែនណ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី១០ ខែតលា ឆ្នាំ២០២៣នេះ។
យោងតាមច្បាប់មាត្រា២០០ - បទឃាតកម្មគិតទុកជាមុន៖ ឃាតកម្មគិតទុក គឺអំពើសម្លាប់មនុស្សដោយគិតទុកជាមុន ឬដោយការពួនស្ទាក់ ។ ការគិតទុកជាមុន គឺជាគម្រោងដែលបង្កើតឡើងមុនអំពើបៀតបៀនទៅលើរូបបុគ្គលនៃជនរងគ្រោះ ។ ការពួនស្ទាក់ជាអំពើឃ្លាំចាំបុគ្គលណាម្នាក់ ក្នុងរយ:ពេលមួយរយ: ដើម្បីប្រព្រឹត្តិអំពើបៀតបៀនទៅលើរូបបុគ្គលនៃជនរងគ្រោះ ។ ឃាតកម្មគិតទុកជាមុន ត្រូវដាក់ពន្ធនាគារអស់មួយជីវិត។
ជនសង្ស័យសម្លាប់ប្រពន្ធ-កូននេះមានឈ្មោះម៉ៅ សំអាង ត្រូវបានចាប់ខ្លួននៅចំណុចផ្សារប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣នេះ ។
ឈ្មោះ ម៉ៅ សំអាង បានសម្លាប់ប្រពន្ធ-កូនខ្លួនឯងដោយប្រើកាំបិតកាប់ប្រហារ ហើយកូនស្រីអាយុ២ខួបបានដាច់ក្បាលចេញពីខ្លួនយ៉ាងអាណោចអធម ។ ជនសង្ស័យបានធ្វើកម្មភាពសាហាវយង់ឃ្នងបែបនេះកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ នៅចំណុចភូមិពោធិស្មាត ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល។
ជនសង្ស័យសារភាពថា បានខឹងសម្បានឹងប្រពន្ធនិងចោទថា មានសាហាយនិងមានកូនជាមួយសាហាយ ទើបឈានដល់ការសម្លាប់ចោលទាំង២នាក់តែម្ដង បន្សល់ទុកកូនប្រុស២នាក់កំព្រា, ម្ដាយនិងប្អូនត្រូវស្លាប់ចោល រីឯឪពុកត្រូវជាប់គុកអស់មួយជីវិត ។ តើវាសនាកុមារាទាំង២នាក់ នឹងទៅជាយ៉ាងណា ? រឿងនេះប៉ះពាល់សតិអារម្មណ៍ខ្លាំងក្លាបំផុតចំពោះកុមារាទាំង២នាក់នេះ៕