ភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីបន្លំឯកសារដកលុយធនាគារABA តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ។ ការឃាត់ខ្លួននេះវេលាម៉ោង១៤:០៦នាទី ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ នៅចំណុចធានាគារABA បុរីកីឡា ផ្លូវ១៦៩ កែង១៣៤ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះគ្រេង សុខជាតា ភេទ ស្រី អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកធនាគារABA សាខាបុរីកីឡា (តំណាងធនាគារABA) ស្នាក់នៅសង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ចំណែកជនសង្ស័យឈ្មោះ សារ សុគន្ធី ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ប្រធានឥណទានធនាគារABA សាខាបុរីកីឡា មានទីលំនៅបន្ទប់លេខ១២C ជាន់ទី១២ ខុនដូររ៉ូយ៉ាល់ផាកសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក៖ កិច្ចសន្យាសងប្រាក់៩០,៣៧៦,៩៤ដុល្លារ ចំនួន១សន្លឹក (ថតចំលង) ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣, លិខិតទទួលស្គាល់ប្រាក់ដែលដកប្រាក់ពីធនាគារ ០១សន្លឹក (ថតចំលង) ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣, របាយការណ៍គណនេយ្យ ចំនួន៥សន្លឹក (ថតចំលង)។
សម្ភារៈបាត់បង់៖ ប្រាក់ចំនួន២៧០,៣៧៦,៩៤ដុល្លារ (ម្ភៃប្រាំពីរមុឺនបីរយចិតសិបប្រាំមួយនឹងកៅបួនសេនដុល្លារអាមេរិក)។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕