ខេត្តប៉ៃលិន ៖ បុរសម្នាក់ទៅជ្វើបុណ្យភ្ជុំធំនៅវត្ត ពេលត្រឡប់មកវិញជួបជុំមិត្តភក្តិផឹកស៊ីនៅរមណីយដ្ឋានមួយកន្លែងរហូតដល់ពេលស្រវឹងជោកជាំក៏បើកបរម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តគេនៅត្រង់ចំណុចផ្លូវបែកជា៣ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល២នាក់ ខូចខាតរថយន្ត និងម៉ូតូកម្រិតធ្ងន់០២គ្រឿង។ ក្រោយពេលកើតហេតុ អ្នករងរបួសធ្ងន់ស្រាលត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត តែដោយសារម្នាក់របួសធ្ងន់ធ្ងរពេក ត្រូវគេបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តបាត់ដំបង។ ចំណែកម្ចាស់រថយន្តភ័យខ្លាំងពេក បើកទ្វាររថយន្តរត់គេចខ្លួនជាបណ្តោះអាសន្នរង់ចាំចូលខ្លួនដោះស្រាយនៅពេលក្រោយ។
ហេតុការណ៍ស្រវឹងស្រានាឱកាសបុណ្យភ្ជុំបិណ្ឌបើកបរម៉ូតូក្នុងល្បឿនលឿនទៅបុកជាមួយរថយន្តបណ្តាលឱ្យរងរបួសធ្ងន់ស្រាលនេះ បានកើតឡើងនៅវេលាម៉ោង ៤និង២០នាទីរសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចផ្លូវបំបែកសាលារៀនបរយ៉ាខា ស្ថិតក្នុងភូមិរោងចក្រ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ប្រភពព័ត៌មានពីមន្រ្តីនគរបាលបានឱ្យដឹងថា ភាគីបង្កមាន ឈ្មោះ ក្ដី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង (រងរបួសធ្ងន់) ដោយបើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ក្រហម ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ បាត់ដំបង 1AI-1696 ដោយបើកបរក្នុងទិសដៅពីត្បួងទៅជើង។ អ្នករួមដំណើរជាមួយ មាន ឈ្មោះ ងួន ជីវ័ន ភេទប្រុស អាយុ១៨ឆ្នាំ រងរបួសស្រាល។
ចំណែកភាគីរងគ្រោះមានឈ្មោះ មិន សុវណ្ណ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ អ្នករត់តាក់ស៊ី (គ្មានរបួសរត់ចេញពីកន្លែងកើតហេតុ) រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបរ រថយន្តម៉ាក តូយ៉ូតាស៊ីណា (Toyota Siena) ពណ៌ស ស៊េរីឆ្នាំ២០០៤ ពាក់ស្លាកលេខភ្នំពេញ 2AY-1696 បើកបរក្នុងទិសដៅពីកើតទៅលិច។
ប្រភពដដែលបន្តទៀតថា មូលហេតុនៃការបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍នេះ ដោយសារតែការបើកបរម៉ូតូក្នុងល្បឿនលឿន ស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំ។
ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្នភាគីខាងម៉ូតូត្រូវបានគេបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តបាតដំបង រីឯវត្ថុតាងកម្លាំងជំនាញចរាចរណ៍ផ្លូវគោកខេត្ត បានយកមករក្សាទុក រង់ចាំការដោះស្រាយតាមនីតិវិធី៕