ខេត្តកំពង់ឆ្នាំង ៖ មានការភ្ញាក់ផ្អេីលមួយបានកេីតឡេីង ដោយគោចំនួន ១៧ ក្បាលបានងាប់ក្នុងដីស្រែនៅចំណុចត្រពាំងធ្លក ក្នុងភូមិដំណាក់អំពិល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស គ្រាដែលគេមកប្រាប់ម្ចាស់គោថា មានគោជាង១០ក្បាលបានងាប់ក្នុងដីស្រែគេ កាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ។
មេឃុំក្តុលសែនជ័យ លោក ម៉ឹង វិសាលសុខ ឲ្យដឹងថាម្ចាស់គោដែលងាប់ទាំង១៧ក្បាល មានឈ្មោះ ទត សៀងហីម អាយុ៤២ឆ្នាំ មានទីលំនៅភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ចំណែកដីស្រែដែលគោចូលទៅស៊ីស្រូវពង្រោះរហូតដល់ងាប់១៧ក្បាល មានទីលំនៅ ស្រុករលាប្អៀរ ដែលសមត្ថកិច្ចកំពុងស្រាវជ្រាវមិនទាន់ដឹងឈ្មោះនៅឡើយ។
ម្ចាស់គោបានបញ្ជាក់ថា គោរបស់គាត់បានងាប់ ចំនួន ១៧ ក្បាល(គោញី៥)ក្នុងចំណោមគោ២២ ក្បាល ។ គាត់បានបញ្ជាក់ថានៅព្រឹកថ្ងៃទី១៤ ខែតុលា ប្អូនប្រុសរបស់គាត់ បានយកគោទៅឃ្វាលដូចសព្វដង ប៉ុន្តែនៅម៉ោងជាង៣រសៀល ប្អូនប្រុសគាត់បានត្រឡប់មកហូបបាយវិញ ដោយលែងគោឱ្យស៊ីស្មៅក្នុងព្រៃ ។
ពេលហូបបាយទៅវិញ ស្រាប់តែរកគោមិនឃើញ ប្អូនប្រុសគាត់ដើររករហូតដល់ព្រលប់ លុះយប់បន្តិចមានគេមកប្រាប់ថា៖ គោគាត់បានងាប់ក្នុងដីស្រែគេ សង្ស័យពុលថ្នាំ គាត់ នាំគ្នាទៅមើល ឃើញគោគាត់ងាប់ ពិតមែន គឺ១៧ក្បាល គាត់ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច ហើយបានរក្សាទុកមួយយប់ លុះព្រឹកឡើងទើបសមត្ថកិច្ចនិងមន្ត្រីពេទ្យសត្វចុះទៅពិនិត្យមើល។
ក្រោយពេលពិនិត្យខ្មោចគោទាំ១៧ក្បាលហើយ មន្ត្រីពេទ្យសត្វខេត្តបានសន្និដ្ឋានថាគោទាំង១៧ក្បាល បានងាប់ ដោយសារពុលថ្នាំមែន ។
ជុំវិញករណីសត្វគោងាប់រហូត១៧ក្បាលនេះ ត្រូវបានសមត្ថកិច្ច សង្ស័យថាម្ចាស់ស្រែបានបាញ់ថ្នាំ ពុល លើស្រូវពង្រោះ ដើម្បីការពារសត្វចង្រៃស៊ីបំផ្លាញ ដែលពេលនេះសមត្ថកិច្ចកំពុងតែតាមស្វែងរកម្ចាស់ដីស្រែដើម្បីហៅមកសាកសួរបំភ្លឺ។ ទោះយ៉ាងនេះកី្ត លោក ទត សៀងហ៊ីម ហៅប្រុសដែលជាម្ចាស់គោបានសំណូមពរនិងអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធសូមមេត្តាជួយរកយុត្តិធម៌ឲ្យគាត់ផង ព្រោះគោបានងាប់រហូតដល់១៧ ក្បាល គឺជាការខាតបង់ខ្លាំងណាស់៕