2023-10-16 12:15
1198

ភ្នំពេញ ៖ ការទុកដាក់សំរាម ក៏ផ្នែកមួយនៃការស្តែងឡើង នូវអាកប្បកិរិយា និងឥរិយាបទ មានន័យថាពីការប្រតិបត្តិរបស់មនុស្ស និងអំពើរបស់មនុស្ស ដែលបាននិងកំពុងប្រព្រឹត្តនៅក្នុងសង្គម។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ការយល់ដឹងពីការទុកដាក់សំរាម និងការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក មានការប្រែប្រួលវិជ្ជមាន តាមរយៈការបង្កើតឡើងនូវបទបញ្ញតិ បទដ្ឋានគតិយុត្ត ច្បាប់នានា ស្របតាមការអភិវឌ្ឍប្រទេសជាតិ។ 

 យើងមើលមួយជ្រុងប្រាកដណាស់ យើងឃើញនៅមានសំរាមនៅតាម ដងផ្លូវ និងតាមប្រព័ន្ធលូបង្ហូទឹក ដែលការគ្រប់គ្រងនៅមានកម្រិត ប៉ុន្ដែបើក្រឡេកមួយជ្រុងទៀត ផ្នែកចំណេះដឹង របស់ប្រជាពលរដ្ឋខ្លួនឯង ចាប់ផ្តើមចេះសំអាតអនាម័យ ប្រមូល វេចខ្ចប់ ទុកដាក់ រួមទាំងការញែកសំរាម និងចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក កាន់តែច្រើន និងផុសផុលឡើងៗ។ 

 ទោះបីជានៅមានពលរដ្ឋមួយចំនួនតូច នៅមិនទាន់យល់ដឹងពីការទុកដាក់សំរាម ឲ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិកនេះក៏ដោយ ប៉ុន្តែក្រសួងបរិស្ថាន បានខិតខំអប់រំបង្កើនចំណេះដឹងថែមទៀត ចំពោះការទុកដាក់សំរាម ក្នុងនោះ បានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ គឺដើម្បីផ្សព្វផ្សាយជំរុញ ឲ្យមានការចូលរួម រក្សាបាននូវសុខមាលភាពប្រជាពលរដ្ឋ តាមរយៈភាពស្អាត គ្មានសំណល់ប្លាស្ទិកនៅតាមសាលារៀន នឹងឈានទៅគ្មានសំណល់ប្លាស្ទិកទូទាំងប្រទេស។ 

 លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ភាពស្អាត និងសុខភាពប្រជាពលរដ្ឋជាការងារអាទិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិទី៧ បាននឹងកំពុងយកចិត្តទុកដាក់។ ការគ្រប់គ្រងសំណល់ គឺការកាត់បន្ថយសំណល់ប្លាស្ទិក ដែលឈានទៅបញ្ឈប់ការប្រើប្រាស់ប្លាស្ទិក ក្នុងចំណោមយុវជនជំនាន់ក្រោយ គ្មានសំណល់ប្លាស្ទិកសហគមន៍ស្អាត បឹងបួរនឹងស្អាត តំបន់ធនធានធម្មជាតិ មិនមានការបំពុលពីសំណល់។ ទន្ទឹមនឹងនេះ ដើម្បីដោះស្រាយការបំពុលដោយប្លាស្ទិក លោករដ្ឋមន្រ្តី ស្នើឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមរៀបចំទុកដាក់សំណល់ និងញែកអោយបានត្រឹមត្រូវ គិតគូរដល់សំរាមដែលអាចកែច្នៃប្រើប្រាស់ឡើងវិញ និងសំរាមដែលចាក់ចោល គួរទុកដាក់នៅទីលានអោយបានត្រឹមត្រូវ។ 

 ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអំពាវនាវបន្ថែមទៀត ប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការចោលសំរាមតាមទីសាធារណៈ ហើយបែរមកទុកដាក់ឱ្យបានត្រឹមត្រូវ ជាពិសេសអនុវត្តន៍វិធាន 4Rs (ការបដិសេធ ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃឡើងវិញ)។ 

 សូមបញ្ជាក់ថា សំណល់សំរាមនិងប្លាស្ទិកមិនមែនជាបញ្ហារបស់កម្ពុជាទេ គឺជាបញ្ហាសកល។ សំណល់ទាំងនេះ បានបំពុលទៅដល់មិនត្រឹមតែមនុស្សយើងទេ ប៉ុន្តែបំពុលទាំងធនធានធម្មជាតិ និងជីវចម្រុះនៅលើគោក និងក្នុងទឹកផងដែរ។ រាជធានីភ្នំពេញ ក៏ដូចជានៅតាមទីក្រុងធំៗ បានផលិតសំរាមជាមធ្យម៣០០០ តោនក្នុងមួយថ្ងៃ ប៉ុន្តែមានតែសំរាមជាង២០% ប៉ុណ្ណោះដែលត្រូវបានកែច្នៃឡើងវិញ។ ដោយឡែកប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ម្នាក់អាចប្រើប្រាស់ថង់ប្លាស្ទិក ៥ថង់ ក្នុងមួយថ្ងៃ ដូចនេះ អាចបង្កើតសំណល់ប្លាស្ទិកប្រមាណ៥៧តោនក្នុងមួយថ្ងៃ។ បើសរុបចំនួនថង់ប្លាស្ទិកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា មានប្រមាណ ៥៦លានថង់ ក្នុងមួយថ្ងៃ គឺស្មើនឹង២៧៩តោនក្នុងមួយថ្ងៃ។

 ក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ចំពោះ ការចូលរួមរបស់សិស្សានុសិស្ស នៅតាមសាលារៀនទូទាំងប្រទេស សរុបចំនួន១,៥លាននាក់ បានចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងបានប្តេជ្ញាចិត្ត «យើងរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា» និង«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។ យុទ្ធនាការបានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឈប់ប្រើថង់ប្លាស្ទិកចំនួន ១ថ្ងៃយ៉ាងតិច ក្នុង១សប្តាហ៍ ដើម្បីធានាការគ្រប់គ្រងសំរាម ថែរក្សាអនាម័យបរិស្ថាន និង សុខុមាលភាពប្រជាពលរដ្ឋ បានល្អប្រសើរ។ 

 ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូសហការ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យបរិស្ថាន ជាពិសេសរួមចំណែកលុបបំបាត់សំណល់ប្លាស្ទិក នៅតាមសហគមន៍ ផ្ទះសម្បែង សាលារៀន និងវត្តអារាម៕

.