ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំអនុគណៈកម្មការរៀបចំសោភ័ណភាព សុខាភិបាល អនាម័យ និងបរិស្ថាន នៃគណៈកម្មការរៀបចំ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលដឹកនាំដោយលោក យុន លីនណេ អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការ តំណាងដ៏ខ្ពង់ខ្ពស់លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត និងមានការចូលរួមពីនាយករងរដ្ឋបាល នាយកទីចាត់ការ តំណាងមន្ទីរ អង្គភាព និងមន្ត្រីពាក់ព័ន្ធ។
បន្ទាប់ស្តាប់សេចក្តីរាយការណ៍សង្ខេប និងពិភាក្សាគ្នារួចមក លោក យុន លីនណេ បានណែនាំដល់សមាជិកគណៈកម្មការទាំងអស់ត្រូវរៀបចំរាល់ឯកសារពាក់ព័ន្ធឱ្យបានរួចរាល់ ដេីម្បីត្រៀមរាយការណ៍ក្នុងអង្គប្រជុំរបស់គណៈកម្មការ។ ជាមួយគ្នានោះផងដែរ លោកក៏បានណែនាំដល់ក្រុមការងាររៀបចំអនុគណៈកម្មការនេះ ឱ្យរៀបចំផែនការ និងអនុវត្តផែនការត្រួតពិនិត្យ និងជួសជុលលម្អ រៀបចំតុបតែងភ្លើងគោម ភ្លើងបំភ្លឺ សាធារណៈតាមដងផ្លូវ និងការលម្អសោភ័ណភាពផ្សេងៗនៅតាមដងស្ទឹងសៀមរាប ស្ពាន សួនច្បារ និងតាមទីសាធារណៈនានា ត្រូវសហការរៀបចំស្តង់ពិព័រណ៍ពាណិជ្ជកម្មនានា រៀបចំផែនការប្រមូល ដឹកជញ្ជូន និងសំអាតសំរាមឱ្យបានជាប់ជាប្រចាំ ធានាបាននូវសោភ័ណភាព និងបរិស្ថានល្អនៅទីកន្លែងប្រារព្ធពិធីតាមដងផ្លូវសាធារណៈ សួនច្បារ ក៏ដូចជានៅក្នុងក្រុងទាំងមូល រៀបចំបង្គន់អនាម័យនៅទីកន្លែងប្រារព្ធពិធីសំខាន់ៗ និងទីសាធារណៈ ដោយសហការជាមួយម្ចាស់ គ្រឹះស្ថានសាធារណៈ និងឯកជនដែលមានទីតាំងស្ថិតនៅតាមបណ្តោយស្ទឹងសៀមរាប ព្រមទាំងរៀបចំរថយន្តសង្គ្រោះបន្ទាន់ប្រចាំការនៅទីកន្លែងប្រារព្ធពិធីដោយត្រៀមគ្រូពេទ្យ ថ្នាំពេទ្យចាំបាច់មួយ ចំនួនសម្រាប់សង្គ្រោះបន្ទាន់ដល់កីឡាករ កីឡាការិនីអុំទូក និងសាធារណជន ដែលមានគ្រោះថ្នាក់ ជាយថាហេតុផ្សេងៗ ដូចជា គ្រោះថ្នាក់ចរាចរណ៍ ខ្យល់ចាប់ ខ្យល់គរជាដេីម។
លោកអភិបាលរងខេត្ត ក៏បានបន្តថារដ្ឋបាលខេត្តសៀមរាប នឹងរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នាចុងខែវិច្ឆិកា ខាងមុខនេះ រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ នៅតាមបណ្តោយដងស្ទឹងសៀមរាប រួមជាមួយនឹងកម្មវិធីកម្សាន្តជាច្រើនទៀត ជូនដល់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរណ៍មកទស្សនាកម្សាន្តអំពីវប្បធម៌ ប្រពៃណីរបស់ប្រជាពលរដ្ឋខែ្មរយើងដែលមានតាំងពីបូរាណមក និងមានការតាំងពិព័រណ៍ ការប្រគុំតន្ត្រី អុំទូកខ្នាតតូច ផ្សារបណ្តែតទឹក ជិះទូកលេងកំសាន្តផងដែរ៕