ភ្នំពេញ៖ ដោយបានការអនុញ្ញាតពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេរមភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថផ្ទៃប្រទេស ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជា អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបំប៉នបច្ចេកទេសថតរូប និង សរសេរអត្ថបទសារព័ត៌មាន ដោយមានការចូលរួមពីស្នងការរង នាយ-នាយរងការិយាល័យ ប្រធាន-អនុប្រធានអង្គភាព នាយផ្នែក នាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធ ព្រមទាំងមានភ្ជាប់តាមប្រព័ន្ធ Video Conference ទៅជំនាញគ្រប់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្ត និង សាលាទាំងពីរផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបង្ហាញនូវសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានមកចូលរួមជាអធិបតី ក្នុងពិធីបើកវគ្គបំប៉នបច្ចេកទេសថត និង សរសេរអត្ថបទព័ត៌មាន តាមការអនុញ្ញាត និង យល់ព្រមពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានផែនកសាងកម្លាំង និង ទំនាក់ទំនងកិច្ចការសាធារណៈ។
បន្ទាប់ពីមតិអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅ រួច លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា វគ្គបំប៉ននេះ មិនមែនជាលើកដំបូងសម្រាប់កងរាជអាវុធហត្ថទេ យើងបានអនុវត្តជាប្រចាំតាមផែនការប្រចាំឆ្នាំ និង តាមការដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថ បានដាក់ចេញនូវទិសដៅផែនការ ក៏ដូចជាយុទ្ធសាស្ត្រ កម្មវិធីការងារ អាទិភាពការងារផ្តោតលើ “កសាង ហ្វឹកហ្វឹន ប្រតិបត្តិការ” និង ការគ្រប់គ្រងកងទ័ពជាប្រចាំ “ហូប ស្នាក់នៅ ស្លៀកពាក់ រៀនសូត្រ ពិនិត្យព្យាបាលសុខភាព សម្ភារៈមធ្យោបាយ សរសើរលើកទឹកចិត្ត ដោះស្រាយទុក្ខលំបាក កម្សាន្តសប្បាយ”។ ទិសស្លោករបស់កងរាជអាវុធហត្ថ “ហ្វឹកហ្វឺនរៀនសូត្រលើកកម្ពស់សមត្ថភាព គុណធម៌ សីលធម៌ និងរស់នៅរៀនសូត្រ ធ្វើការងារតាមច្បាប់” ព្រមទាំងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស “តាមបទពិសោធន៍ដែលទទួលជោគជ័យ គឺ ហ្វឹកហ្វឺន រៀនសូត្រទ្រឹស្តីរួច អនុវត្ត អនុវត្តន៍មួយរយៈពេលរួចហើយហ្វឹកហ្វឺន រៀនសូត្រវិញ”។
ជាទីបញ្ចប់ លោកឧត្តមសេនីយ៍ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈអធិបតី នាយទាហាននៃកងរាជអាវុធហត្ថ និងអង្គពិធីទាំងមូល និងជូនពរទទួលបាននូវពុទ្ធពរទាំង៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ ៕