2023-12-06 03:12
155

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៦​ ខែធ្នូ​ ឆ្នាំ​២០២៣នេះយោងតាមរបាយការណ៍ពីមន្ត្រីជំនាញ​នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ​បានឱ្យដឹង ​ថា មានជនសង្ស័យ៣នាក់ត្រូវនគរបាលខណ្ឌឫស្សីកែវ​ឃាត់ខ្លួនក្នុង២ករណីផ្សេងគ្នា(លួច​និងឆក់)​ ។ ជាក់ស្ដែងលោក ផល មេសា អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងបង្ក្រាបជាក់ស្តែងករណីលួចម៉ូតូមួយករណីនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២១ៈ០០នាទីយប់នៅចំណុច ក្រុម៧ ផ្លូវបេតុង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។

     ជនរងគ្រោះឈ្មោះ ពៅ សុភ័ក្រ្ត ភេទប្រុស អាយុ៤៣ឆាំ្ន មុខរបររត់ម៉ូតូឌុប មានទីលំនៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ ។ ជនសង្ស័យមានឈ្មោះ សុខ ភ័ក្រ្ត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំវត្តនាគវ័ន សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (មានសារធាតុញៀន) ។ សម្ភារដកហូតរួមមាន ៖ សោខ្សៀលេខ៨ចំនួន០១, ដែកសំប៉ែតចុងស្រូចចំនួន០១, ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ1C.0492 ( របស់ជនរងគ្រោះ ) និងបានប្រគល់ជូនមា្ចស់វិញហើយ។

     សមត្ថកិច្ចបានបញ្ចាក់ថា​ នៅមុនពេលកើតហេតុ នៅថ្ងៃខែឆ្នាំខាងលើ ជនរងគ្រោះបានទុកម៉ូតូនៅមុខបន្ទប់ជួល ស្រាប់តែមានជនសង្ស័យម្នាក់ដើរមកធ្វើសកម្មភាពឆ្កឹះសោម៉ូតូលួចបានសម្រេច និងជិះម៉ូតូរត់គេចខ្លួន តែត្រូវជនរងគ្រោះឃើញទាន់ក៏ស្រែកចោរៗ ផ្អើលឆោឡោដល់អ្នកជិតខាងនិងកម្លាំងសមត្ថកិច្ចជួយអន្តរាគមន៍ ឃាត់ជនសង្ស័យបាន០១នាក់ យកមកប៉ុស្តិ៍ដើម្បីចាត់ការតាមនីតិវិធី ។

     ដោយឡែកជនសង្ស័យជាចោរឆក់ ២នាក់ទៀតត្រូវកម្លាំងល្បាតនៃប៉ុស្តិ៍រដ្ឋបាលឫស្សីកែវឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះនៅចំណុចផ្លូវខាងសារិន ក្រុមទី៥ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ នាថ្ងៃទី០៥ ខែ ធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៣និង២០នាទី ។

   ជនរងគ្រោះ មានឈ្មោះ រ៉ូ សាលី ភេទស្រី អាយុ៣២ឆ្នាំ ទីលំនៅ ផ្ទះលេខ២៤២៥ ផ្លូវជាតិលេខ៥ ភូមិ ក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ មុខរបរនៅផ្ទះ ។ ចំណែកជនសង្ស័យចំនួន ២នាក់ ៖​ ១-ឈ្មោះ សន សុវណ្ណារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅផ្ទះជួលក្នុងភូមិ ក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន)(ឃាត់ខ្លួន)។ ២-ឈ្មោះ យ័ន្ត ប៉ុនលី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ផ្ទះជួលក្នុងសង្កាត់កំបូល ខណ្ឌកំបូល មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)(ឃាត់ខ្លួន) ។សម្ភារៈដកហូត ៖ មធ្យោបាយធ្វើសកម្មភាព ម៉ូតូមួយគ្រឿងម៉ាក ស្គូពី ស៊េរីឆ្នាំ២០២៣ ពណ៌ខ្មៅបៃតង ពាក់ផ្លាកលេខ ភ្នំពេញ ១KH-០៦៤៥, ទូរស័ព្វមួយគ្រឿងម៉ាករៀលមី (ជារបស់ជនរងគ្រោះ) ។

      សមត្ថកិច្ចបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម C១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១FN-៨៥០៤ ចេញពីផ្ទះទៅដល់ជិតកន្លែងកើតហេតុ ជនរងគ្រោះបានដកទូរស័ព្វមើលម៉ោងក៏ត្រូវជនសង្ស័យដែលបានជិះម៉ូតូមកពីក្រោយធ្វើសកម្មភាពឆក់យកទូរស័ព្វ រួចជិះគេចខ្លួន តែត្រូវជនរងគ្រោះជិះដេញតាមពីក្រោយ និងស្រែកថាចោរៗ ស្របពេលនោះកម្លាំងល្បាតរបស់ប៉ុស្តិ៍ក៏បានធ្វើអន្តរាគមន៍ឃាត់ខ្លួនបានភ្លាមៗនៅចំណុចផ្លូវបេតុង ក្រុមទី០៧ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ យកមកប៉ុស្តិ៍ដើម្បីធ្វើកំណត់ហេតុ សាកសួរយកចម្លើយ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តទៅតាមនីតិវិធី ៕