2024-01-26 05:01
169

ភ្នំពេញ៖ ឧក្រឹដ្ឋជនគ្រឿងញៀន ចំនួន ០៥នាក់ ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តកំពង់ស្ពឺ សម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ រយៈពេល ៣០ឆ្នាំ និងពិន័យជាប្រាក់ ចំនួន ៦០លានរៀលក្នុងម្នាក់ ពីបទៈ «រក្សាទុក ដឹកជញ្ជូន និងជួញដុរដោយខុសច្បាប់នូវសារធាតុញៀន» ដែលប្រព្រឹត្តនៅភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ បទល្មើសដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ៤០ កថាខណ្ឌ៧ ចំណុចទី៤ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន ។
    យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ថា៖ ករណីសំណុំរឿងព្រហ្មទណ្ឌលេខ ៣៨ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ដែលមានជនជាប់ចោទ ចំនួន ០៥នាក់ ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះចោទប្រកាន់ពីបទៈ  រក្សាទុក ដឹកជញ្ជូន និងជួញដុរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ 
   ក្នុងនោះក្រុមប្រឹក្សាជំនុំជម្រះ បានសម្រេចផ្តន្ទាទោសជនជាប់ចោទទាំង ០៥ នាក់ រួមមាន៖ ទី១- ឈ្មោះ ស្រី គឹមលួ ភេទប្រុស, ទី២- ឈ្មោះ ឃឹម សុភក្រ ភេទប្រុស, ទី៣- ឈ្មោះ បន បៀង ហៅម៉ី ភេទប្រុស, ទី៤- ឈ្មោះ ផាន កំសត់ ភេទប្រុស និង ទី៥- ឈ្មោះ ជា រ៉ុង ភេទប្រុស ដាក់ពន្ធនាគារ ៣០ឆ្នាំ និងពិន័យជាប្រាក់ ៦០លានរៀល ចូលជាថវិកាជាតិ ។
   សូមជ្រាបថា កាលពីថ្ងៃទី០៨ និងទី០៩ ខែមករា ឆ្នាំ២០២៣ កន្លងទៅ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ បានសហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាបករណីជួញដូរ គ្រឿងញៀនខុសច្បាប់ នៅ៣ គោលដៅផ្សេងៗគ្នា ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន ០៥នាក់ និងរឹបអូសគ្រឿងញៀន ១៩ ១៥០ក្រាម ។ 
   ចំពោះគោលដៅដែលកម្លាំងជំនាញចុះបង្ក្រាបទាំង ៣ទីតាំង នោះរួមមាន៖ គោលើដៅទី១ ៖ តាមបណ្តោយផ្លូវជាតិលេខ៤១ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ, គោលដៅទី២ ៖ ក្នុងបរិវេណ ភោជនីយដ្ឋាន មិត្តភាព ភូមិស្តង់តាងួន សង្កាត់ប៉ាលីឡៃ២ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង គោលដៅទី៣ ៖ ភូមិក្បាលស្ពាន១ សង្កាត់ប៉ាលីឡៃ១ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕