2024-03-28 03:03
49

ទីក្រុងហ្កាហ្សា៖ ថ្វីបើក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិ បានទាមទារឲ្យមានបទឈប់បាញ់មួយ នៅតំបន់ហ្កាហ្សា កាលពីថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤ យ៉ាងណាក្ដី ប៉ុន្ដែអ៊ីស្រាអែល នៅតែបន្ដវាយប្រហារបំផ្លិចបំផ្លា នៅក្នុងទីក្រុងរ៉ាហ្វះ (Rafah) នាភាគខាងត្បូង តំបន់ហ្កាហ្សា។

ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤ ថា អ៊ីស្រាអែល កាលពីថ្ងៃពុធ (ទី២៧ ខែមីនា) បានទម្លាក់គ្រាប់បែក ទៅលើលំនៅឋាន យ៉ាងតិចចំនួន៤ នៅក្នុងទីក្រុងរ៉ាហ្វះ។ សកម្មភាពយោធាថ្មីរបស់អ៊ីស្រាអែល បាននាំឲ្យមានការព្រួយបារម្ភជាថ្មី កាន់តែខ្លាំងឡើង នៅក្នុងចំណោមទីជម្រករបស់ជនជាតិប៉ាឡេស្ទីន ជាង១លាននាក់ នៅជំរំភៀសខ្លួន នៅតំបន់ភាគខាងត្បូងហ្កាហ្សាស្ទ្រីប។

ក្រុមមន្រ្ដីសុខាភិបាល បានអះអាង ថា ការវាយប្រហារមួយ នៅក្នុងចំណោមការវាយប្រហារតាមអាកាសផ្សេងៗទៀត បានសម្លាប់មនុស្សមួយគ្រួសារ ដែលមានសមាជិក រហូតដល់១១នាក់។

សង្គ្រាមនេះ បានផ្ទុះឡើង ក្រោយពេលក្រុមជីវពលហាម៉ាស់ បានឆ្មក់វាយប្រហារទៅលើតំបន់ភាគខាងត្បូងរបស់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយបានឆក់យកអាយុជីវិតមនុស្ស ប្រហែល ១២០០នាក់ ហើយភាគច្រើនជាជនស៊ីវិល និង ជនរងគ្រោះ ចំនួន២៤០នាក់ផ្សេងទៀត ត្រូវបានចាប់ជាចំណាប់ខ្មាំង។ ដោយឡែក សង្គ្រាមសងសឹករបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស់ ចាប់តាំងពីពេលនោះ រហូតមកដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ បានឆក់យកអាយុជីវិតរបស់អ្នករស់នៅតំបន់ហ្កាហ្សា យ៉ាងតិច ជាង ៣២ ៤០០នាក់ ហើយភាគច្រើនបំផុត ជាកុមារ និង ស្រ្ដី ខណៈមនុស្សយ៉ាងតិចជាង ៧៤ ៨០០នាក់ផ្សេងទៀតរងរបួស។

ដោយឡែក ក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ (ទី២៥ ខែមីនា) បានអនុម័តលើដំណោះស្រាយមួយ ដែលកំពុងតែទាមទារឲ្យមានបទឈប់បាញ់គ្នាជាបន្ទាន់ រវាងអ៊ីស្រាអែល និង ក្រុមជីវពលហាម៉ាស់ (Hamas) របស់ប៉ាឡេស្ទីន ក្រោយពេលសហរដ្ឋអាមេរិក ជំទាស់នឹងការបោះឆ្នោត លើសេចក្ដីសម្រេចនេះ ដែលកំពុងតែបង្កជម្លោះជាមួយនឹងអ៊ីស្រាអែល ដែលជាសម្ពន្ធមិត្តរបស់ខ្លួន។

ប្រទេសចំនួន១៤ប្រទេសជាសមាជិករបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ នៅក្នុងចំណោម១៥ បានបោះឆ្នោតអនុម័តលើដំណោះស្រាយនេះ ដែលបានស្នើឡើង ដោយសមាជិកជាប់ឆ្នោតទាំង១០ នៃស្ថាប័នកំពូលមួយនេះ ដោយបានទាមទារឱ្យមានការដោះលែងចំណាប់ខ្មាំងទាំងអស់ ជាបន្ទាន់ និង ដោយគ្មានលក្ខខណ្ឌ។ នៅក្នុងចំណោមសមាជិកទាំងនេះ មានការទះដៃអបអរសាទរ បន្ទាប់ពីការបោះឆ្នោតរួច។

លោក អង់តូនីញ៉ូ ហ្គូទែររ៉េស (Antonio Guterres) អគ្គលេខាធិការ អង្គការសហប្រជាជាតិ បានបង្ហោះ នៅលើបណ្ដាញសង្គម ថា «ដំណោះស្រាយនេះត្រូវតែអនុវត្ដ។ ការខកខាន មិនអាចអត់ឱនឲ្យបានឡើយ»៕