2025-02-11 15:02
72

ខេត្តត្បូងឃ្មុំ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥បានឲ្យដឹងថាបុរសខ្មែរអ៊ិស្លាម២រូប ដែលធ្វើកាំបិត និងបង្ហោះលក់លើបណ្តាញសង្គម ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានសម្រេចដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ក្រោយឃាត់បាន៤ថ្ងៃ។ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានឱ្យដឹងថា បន្ទាប់ពីធ្លងកាត់ដំណាក់កាលស៊ើសសួរ តំណាងអយ្យការសម្រេចដោះលែងជនសង្ស័យទាំង២នាក់ ឈ្មោះ សា សូទី អាយុ៣៨ឆ្នាំ និងឈ្មោះ អិន ប្រុសទូច អាយុ២៥ឆ្នាំ ឱ្យនៅក្រៅឃុំក្រោមហេតុផលចំនួន៣ ក្នុងនោះរួមមាន ទី១៖ ការផលិតរបស់ពួកគាត់ដើម្បីលក់ដូរជាលក្ខណៈគ្រួសារតជំនាន់យូរមកហើយ, ទី២៖ មិនទាន់មានព្យសនកម្មណាមួយកើតឡើងដោយសារការលក់ដូររបស់ពួកគាត់, ទី៣៖ ធ្វើកិច្ចសន្យាអប់រំណែនាំកុំឱ្យផលិតអាវុធបែបប្រហារប៉ះពាល់ដល់សណ្ដាប់ធ្នាប់។ យ៉ាងណា តុលាការនៅតែបន្ដនីតិវិធីស្រាវជ្រាវក្នុងរឿងនេះ។សូមជម្រាបថា កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ សមត្ថកិច្ចបើកការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនមនុស្ស២នាក់ ក្រោយបង្ហោះលក់កាំបិតដាវលើបណ្តាញសង្គម នៅចំណុចភូមិទួលសម្បូរ ឃុំត្រពាំងព្រីង ស្រុកតំបែរ ព្រមទាំងដកហូតកាំបិត២៧ដើម និងឧបករណ៍សម្រាប់កែច្នៃកាំបិតដាវមួយចំនួនទៀតផងដែរ៕