តាមរយៈសេចក្តីប្រកាសព័ត៌មាន របស់ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ស្តីពី លទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី២ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បានបញ្ជាក់ថា៖ «ភាគីទាំងពីរបានសម្រេចឯកភាពគ្នាលើយន្តការសំខាន់ៗមួយចំនួន ដើម្បីកាត់បន្ថយភាពតានតឹងផ្នែកយោធា តាមរយៈការកសាងពង្រាងដំបូងនៃឯកសារផែនការសកម្មភាពការងារសម្រួលអាវុធធុនធ្ងន់ដែលមានសមត្ថភាពបំផ្លាញខ្លាំង និងយុទ្ធោបករណ៍ឱ្យត្រលប់ទៅមូលដ្ឋានដើមវិញ»។
ចំពោះក្នុងការអនុវត្តផែនការដកអាវុធធន់ធ្ងន់ និងយុទ្ធោបករណ៍នេះ នឹងត្រូវធ្វើឡើងក្រោមការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ ឯកសារលក្ខខណ្ឌប្រតិបត្តិ (TOR) ក្នុងការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះហត្ថលេខារួចរាល់ដោយសហប្រធាន GBC នាថ្ងៃនេះ។
ភាគីទាំងពីរបានឯកភាពគ្នាទៅលើនិយាមនីតិវិធីប្រតិបត្តិ (SOP) ចំពោះការងារដោះមីនមនុស្សធម៌សំដៅចូល រួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការការពារដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ ព្រមទាំងធានា បាននូវការរក្សាអធិបតេយ្យភាព និងបូរណភាពទឹកដី ដោយឡែកចំពោះតំបន់អាទិភាពនៃការងារដោះមីនមនុស្សធម៌ នេះពុំទាន់មានការឯកភាពគ្នានៅឡើយទេ ដូចនេះភាគីទាំងពីរនឹងបន្តជួបពិភាក្សាគ្នាដើម្បីកំណត់តំបន់អាទិភាពនេះ។
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថាទៀតថា ភាគីទាំងពីរក៏បានឯកភាពគ្នាផងដែរលើផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន រួមបញ្ចូលទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Cyber Scam) និងការជួញដូរមនុស្ស រវាងនគបាល ជាតិកម្ពុជា និងនគបាលជាតិថៃ។ ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីពីការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័ន ពាក់ព័ន្ធរបស់ប្រទេសទាំងពីរ ក៏ដូចជាការចែករំលែកព័ត៌មាន ដោយធានាថា បញ្ហាទាំងនេះនឹងត្រូវបានដោះស្រាយស្របតាមច្បាប់ជាតិ និងគោលការណ៍មនុស្សធម៌។
សូមជម្រាបថា កិច្ចប្រជុំពិសេសលើកទី២ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ មានឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងនាយឧត្តមសេនីយ៍ Nattaphon Narkphanit រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ជាសហប្រធាន និងក្រោមការសង្កេតការណ៍ដោយតំណាងប្រទេសម៉ាឡេស៊ី តំណាងសហរដ្ឋអាមេរិក និងក្រុមការងារអ្នកសង្កេតការណ៍អន្តរកាល (IOT) ប្រចាំនៅប្រទេសកម្ពុជា និងថៃ មានម៉ាឡេស៊ី និងអាមេរិក ជាអ្នកសម្របសម្រួលឱ្យមានកិច្ចប្រជុំដែលទទួលបាននូវលទ្ធផលជាផ្លែផ្កានាថ្ងៃនេះ។
កិច្ចប្រជុំពិសេសលើកទី២ GBC នៅថ្ងៃនេះ គឺជាការផ្តើមចេញពីកិច្ចប្រជុំពិសេសរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីថៃ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ និងសហការរៀបចំ ដោយសហរដ្ឋអាមេរិក ព្រមទាំងមានការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន និងដើម្បីពិនិត្យតាមដានលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅទីក្រុងគូឡាឡាំពួរ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ និងកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅខេត្តកោះកុង នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីសម្រេចបាននូវឯកសារសំខាន់ជាច្រើនដែលជាធាតុចូលសំដៅពង្រឹងកិច្ចសហ ប្រតិបត្តិការជាក់ស្តែង លើកកម្ពស់សន្តិភាព ស្ថិរភាពរវាងប្រទេសទាំងពីរ និងវិលត្រលប់ឆាប់រហ័សទៅរកប្រក្រតីភាព ឡើងវិញ។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី២០ រហូតមកដល់ថ្ងៃទី២៣ ខែតុលានេះ ក្រុមការងារលេខាធិការដ្ឋានរបស់យើងទាំងពីរបានជួបប្រជុំគ្នា នៅក្នុងទីក្រុងគូឡាឡាំពួរ ក្រោមបរិយាកាសប្រកបដោយភាពជិតស្និទ្ធ និងការស្ថាបនា ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ៕








