2023-11-04 01:11
260

ខេត្តសៀមរាប៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញដល់មន្រ្តីក្រសួងបរិស្ថាន មន្រ្តីឧទ្យានុរក្ស សហការជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ នៅក្នុងឧទ្យានជាតិព្រះជ័យវរ្មន-នរោត្តម «ភ្នំគូលែន» ពង្រឹងផែនការសកម្មភាពក្នុងការបង្កើនការយល់ដឹងអំពីប្រយោជន៍រួម នូវការថែរក្សាការពារព្រៃឈើ ខិតខំស្ដារព្រៃឡើងវិញ និងបណ្តុះកូនឈើដើម្បីដាំកូនឈើ សម្រាប់ជាប្រយោជន៍រួមទៅអនាគត។

នៅក្នុងពេលធ្វើទស្សនកិច្ចនៅកន្លែងដាំកូនឈើមួយកន្លែង នៅក្នុងឧទ្យានជាតិព្រះជ័យវរ្មន-នរោត្តម «ភ្នំគូលែន» ក្នុងភូមិសាស្រ្តខេត្តសៀមរាប កាលពីរសៀលថ្ងៃសុក្រ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ការដាំកូនឈើនៅតំបន់ ជានិម្មិតរូបមួយពញ្ញាក់ស្មារតី ដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងសហគមន៍ ក៏ដូចជានៅក្នុងខេត្ត និងប្រជាពលរដ្ឋដែលរស់នៅតំបន់ជុំវិញ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ដែលកម្ពុជានឹងសម្រេចឲ្យបានគម្របព្រៃឈើ៦០%។

លោក អ៊ាង សុផល្លែត បានបន្តលើកទឹកចិត្ត ដល់មន្រ្តីក្រសួងបរិស្ថាន ពង្រឹងការចូលរួមគ្រប់គ្រង ធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ដោយអនុវត្តច្បាប់មិនលើកលែងចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ សហការការល្អបន្ថែមទៀតជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ និងជាពិសេសជាមួយប្រជាពលរដ្ឋ នៅតាមសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីលើកកម្ពស់ឱ្យមានការចូលរួមពីសហគមន៍មូលដ្ឋាន ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិដើម្បីការអភិវឌ្ឍដោយចីរភាព។

សូមបញ្ជាក់ថា លោករដ្ឋមន្រ្តីក្រសួងបរិស្ថានបានប្រកាសដាក់ចេញយុទ្ធនាការ ១០ តុលា ខិតខំបណ្តុះកូនឈើដើម្បីចែកជូនប្រជាពលរដ្ឋ ចំនួន១លានដើម នៅឆ្នាំ២០២៤ខាងមុខ សម្រាប់ដាំតាមតំបន់សហគមន៍ បង្កើនគម្របព្រៃ  និងចូលរួមការពារអភិរក្សព្រៃឈើ និងបរិស្ថានធម្មជាតិ  និងអាចលក់កាបូន ដើម្បីអាចបង្កើនប្រាក់ចំណូលសម្រាប់សហគមន៍ និងចំណូលបន្ថែម ពីវិស័យទេសចរណ៍ធម្មជាតិ។

គួរបញ្ជាក់ថា យុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលទី១ នៃមុំទី២ ទី៤ និងទី៥ គឺធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្នដោយជំរុញការលើកកម្ពស់ ការទាក់ទាញវិនិយោគ ក្នុងឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងឧស្សាហកម្មបៃតង៕