2023-11-11 03:11
343

ភ្នំពេញ៖ ក្រសួងបរិស្ថាន បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា៖ ពិតដូចការទាយទុកមែន! កាលណាកម្ពុជាមានការរីកចម្រើនពួកគេតែងតែរារាំងមិនឲ្យនាវាកម្ពុជាដែលកំពុងបានមកដល់ត្រើយសុខសន្តិភាព ស្ថេរភាព និងការរីកចម្រើន ឲ្យត្រឡប់ទៅក្រោយវិញ។ យ៉ាងណាមិញ វាមិនអាចទៅរួចនោះទេកម្លាំងប្រជាជនកម្ពុជា បានយកឈ្នះ និងរុញច្រានអំពើអាក្រក់នៃក្រុមមនុស្សទាំងនោះ រួមទាំងបរិវារអ្នកឃោសនាមានប្រវត្តិប្រឆាំងពីក្រៅប្រទេសទាំងនោះផងដែរ ។ 

ភូមិជ័យថ្ងៃនេះ បានមើលឃើញថា ក្រុមអ្នកតវ៉ាអត់ទិសតំបន់ ដែលតាំងខ្លួនថាជាយុវជន ជ្រកក្រោមស្លាកយីហោអ្នកស្រឡាញ់បរិស្ថានស្អីគេនោះ បានកំពុងធ្វើការរិះរកមធ្យោបាយបំពុលបរិយាកាសសង្គម បង្កឲ្យមានការភ័ន្តច្រឡំនិងប៉ះពាល់អារម្មណ៍ក្នុងជីវភាពរស់នៅ ដ៏សុខដុមរមនា របស់ប្រជាជនកម្ពុជា បច្ចុប្បន្ន។ អ្នកវិទ្យាសាស្រ្តបរិស្ថាននៅប្រទេសអូស្រ្តាលី ក៏បានលើកឡើងរួចហើយថា ការតម្រូវតម្លើងពន្ធលើការនាំចូលប្លាស្ទិក និងដាក់តម្លៃបន្ថែមលើតម្លៃថង់ប្លាស្ទិកពី៤០០ទៅ៨០០រៀលនៅតាមផ្សារទំនើប របស់ក្រុមនោះ ជាការលើកឡើងគ្មានការពិចារណា គ្មានការសិក្សាបែបវិទ្យាសាស្រ្ត និងមិនសមហេតុផល នៅពេលដែលយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកកំពុងតែដំណើរការជាចលនាមួយយ៉ាងខ្លាំងក្លា។

មួយវិញទៀត ការលើកឡើងពីក្រុមអ្នករកស៊ីតាមផ្លូវ រួមជាមួយក្រុមស្រែកតាមមេក្រូ ពីក្រៅប្រទេស ធ្វើការវិភាគតែលើបបូរមាត់ បានដើរផ្ទុយពីឆន្ទ:នៃប្រជាជនទូទាំងប្រទេស ដែលកំពុងប្តេជ្ញាចិត្តរួមគ្នា ធ្វើឲ្យអនាគតកម្ពុជា ស្អាត មានអនាម័យបរិសុទ្ធ បៃតង និងមានការអភិវឌ្ឍដោយចីរភាព តាមរយៈ ផែនការយុទ្ធសាស្រ្តទាក់ទងនឹងវិស័យបរិស្ថាននិងធនធានធម្មជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។ 

ដូច្នេះ សូមក្រុមយុវជនតាំងខ្លួនជាតួឯកលើបរិស្ថាននេះ សូមបើកភ្នែកមើលផងតាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» គឺមាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស និងប្រជាពលរដ្ឋ ពាក់កណ្តាលប្រទេសបានចូលរួម ជាពិសេសមានអង្គការដៃគូពាក់ព័ន្ធផ្សេងៗទៀតផងដែរ ។ ហើយថ្មីៗនេះ អង្គការ UNDP-កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (United Nations Development Programme) និងអង្គការស្បៀងអាហារពិភពលោក (FAO) បានគាំទ្រភាពជាដៃគូជាមួយក្រសួងបរិស្ថាន ដើម្បីកាត់បន្ថយនៃការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា ។ 

តើចាំបាច់ទេក្នុងការបង្កើតគំនិតជំរុញឲ្យប្រជាពលរដ្ឋមានការបារម្ភណ៍នឹងជីវភាព របស់យុវជនមួយក្រុមតូចដែលតាំងខ្លួនជាអ្នកបរិស្ថាននេះ?
តាមរយៈការចូលរួមពីសំណាក់ដៃគូពាក់ព័ន្ធ និងអង្គការអន្តរជាតិធំៗ ចំពោះយុទ្ធនាការរបស់ក្រសួងបរិស្ថាន នេះសរបញ្ជាក់ឲ្យឃើញថាវាជាភាពជោគជ័យបន្ថែមទៀតរបស់កម្ពុជា ដែលមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្មែរ បូករួមនឹងការចូលរួមគាំទ្រពីសំណាក់ដៃគូអន្តរជាតិធំៗ។ មួយវិញទៀត ក្រសួងបរិស្ថាន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល គឺមានការគិតគូរ ថ្លឹងថ្លែងយ៉ាងល្អិតល្អន់ មិននិយាយចេញឱ្យរួចតែពីមាត់ ដូចសកម្មជនមួយក្តាប់តូចដែលស្រឡាញ់បរិស្ថាន ចង់ឱ្យកម្ពុជា ស្អាត ប៉ុន្តែផ្ទុយទៅវិញក្រុមទាំងនេះមិនបានធ្វើអ្វីបន្តិចឡើយសម្រាប់កម្ពុជា ក្រៅពីស្រែកតាមការចង់បានរបស់ម្ចាស់លុយដែលផ្តល់ឱ្យដែលមានចេតនាបង្កប់នូវរបៀបវារៈនយោបាយ ក្នុងន័យបំផ្លាញមុខមាត់កម្ពុជា ឱ្យអន្តរជាតិគិតអវិជ្ជមានមកលើកម្ពុជា ។

បន្ថែមពីនេះពេលខាងមុខ គឺមានខេត្តចំនួន១០ ផ្សេងទៀតរបស់កម្ពុជា កំពុងត្រៀមចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រសួងបរិស្ថាន។ ត្រង់ចំណុចនេះ គួរចោទជាសំណួរថា ក្រុមយុវជនមួយក្តាប់តូចដែលមានគ្នីគ្នា ២ ឬ៣នាក់ ដើរស្រែកឱ្យរាជរដ្ឋាភិបាលកម្ពុជា តម្លើងពន្ធលើការប្រើប្រាស់ប្លាស្ទិកនេះ សួរថាសមហេតុ សមផលទេនូវបរិបទដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជាកំពុងជួបវិបត្តិសេដ្ឋកិច្ច។ ដូច្នេះ បញ្ហាទាំងនេះគឺសូមទុកឱ្យប្រជាពលរដ្ឋមេត្តាពិចារណាចំពោះការទាមទារចង់បានរបស់ក្រុមយុវជនដែលទទួលជំនួយអ្នកក្រោយខ្នង ដើម្បីរារាំងកុំឱ្យខ្មែរទទួលបានការអភិវឌ្ឍនូវភាពស្អាត បៃតង ប្រកបដោយចីរភាពតាមយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល៕