2023-11-27 04:11
250

ប្រិយមិត្តប្រាកដជាបានឃើញហើយថា នៅថ្ងៃបុណ្យចូលឆ្នាំថ្មីរបស់ជនជាតិចិន គឺជារដូវកាលដែលផ្លែឈើជាច្រើនប្រភេទទទួលបានការពេញនិយមជាខ្លាំង ពីព្រោះពួកគេជឿថា ផ្លែឈើទាំងនេះមានអត្ថន័យល្អ និងនាំមកនូវលាបសំណាង ។ បើតាមជំនឿរបស់ជនជាតិចិន ការប្រគល់ផ្លែឈើជូនគ្នាទៅវិញទៅមក គឺជាការឱ្យពរដល់អ្នកដែលបានទទួល ។

 ផ្លែឈើមួយក្នុងចំណោមផ្លែឈើដែលផ្តល់នូវលាភសំណាងតាមជំនឿរបស់ជនជាតិចិន គឺផ្លែទទឹម ។ គេជឿថា ផ្លែទទឹមមានពណ៌ក្រហមជាផ្លែឈើមង្គល ហើយស្លឹក និងមែករបស់វាអាចជួយបណ្តេញពពួកបីសាច និងរឿងរ៉ាវអាក្រក់ចេញពីលំនៅឋានបាន ។

 ក្រៅពីនេះ ជនជាតិចិនជឿថា ផ្លែទទឹមមានគ្រាប់ច្រើន គឺជានិមិត្តសញ្ញានៃភាពសម្បូរបែប ហើយគ្រួសារនោះនឹងមានកូនប្រុសច្រើននាក់ ដើម្បីជួយធ្វើការនៅក្នុងគ្រួសារ និងអាចបន្តវង្សត្រកូលបាន ។ ហេតុនេះ គេសង្កេតឃើញពលរដ្ឋចិនតែងទិញផ្លែទទឹមធ្វើជាអំណោយដល់កូនកំលោះ កូនក្រមុំ ក្នុងថ្ងៃអាពាហ៍ពិពាហ៍ដើម្បីឱ្យពួកគេមានកូនច្រើននាក់ ។ ជនជាតិចិនមួយចំនួននិយមដាំដើមទទឹមនៅបរិវេណជុំវិញផ្ទះ ឬបេះស្លឹកទទឹមដាក់តាមខ្លួនដើម្បីការពារគ្រោះភ័យផ្សេងៗ ។ ចំណែកអ្នកខ្លះទៀតបានបេះស្លឹកទទឹមទៅត្រាំទឹកទុកលាងមុខ និងលាងដៃ នៅពេលពួកគេត្រឡប់ពីពិធីបុណ្យសព ដើម្បីការពារកុំឱ្យខ្មាចព្រាយបីសាចដើរតាមពួកគេ ៕