2023-12-04 11:12
170

កណ្តាល៖     ក្រុមអ្នកផលិតមាតិការប្លែកៗ ដើម្បីទាក់ទាញក្នុងការលក់ផលិតផលលើអនឡាញប្រើប្រាស់ពាក្យសម្តីអាសអាភាសន៍ កាយវិកាយមិនសមរម្យនាំឲ្យអាប់ឱនកិត្តិយសដល់ស្ត្រីខ្មែរ និងទំនៀមទំលានប្រពៃណី ត្រូវបានតុលាការខេត្តកណ្តាល សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន ក្រោមបទល្មើស «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ,ញុះញង់ឱ្យមានការរើសអើង និងសញ្ចារកម្ម ដែល មានចែងតាមបញត្តិ មាត្រា ២៨៤, មាត្រា ៤៩៥ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ»។ 
   នៅយប់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣នេះ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជា របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំបញ្ជាកម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួនប្រុស-ស្រ្តីចំនួន ០៥នាក់ ដែលបានបង្ហោះ និងឡាយវីដេអូ ក្នុងបណ្តាញសង្គម និងបណ្តាញ Tik Tok ក្នុងករណីញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍, ញុះញង់ឱ្យមានការរើសអើង និងសញ្ចារកម្ម។ 
   តាមរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងថា ករណីខាងលើនេះ កើតហេតុ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ២០និង០០នាទី ត្រង់ចំណុច ផ្ទះជួលស្ថិតនៅ ភូមិស្វាយជ្រុំ សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ 
   របាយការណ៍ប៉ូលិសបានផ្យដឹងទៀតថា ជនសង្ស័យចំនួន០៥នាក់ រួមមាន៖ ទី១- ឈ្មោះ ស៊ុន សាំងលី ហៅម៉ាក់លីន ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផលិតផលអនឡាញ។ ទី២- ឈ្មោះ ម៉ា ស្រីលាក់ ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ផលិតផលអនឡាញ។ ទី៣- ឈ្មោះ ទូច ស្រីមី ហៅអាមៀវ ភេទស្រី អាយុ ២៩ឆ្នាំ ជានជាតិខ្មែរ មុខរបរ លក់ផលិតផលអនឡាញ។ ទី៤- ឈ្មោះ ចាន់ សុភ័ក្ត្រ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ផលិតផលអនឡាញ និងទី៥- ឈ្មោះ ដេត វ៉ាន់ធី ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ផលិតផលអនឡាញ។ 
   ចំពោះអ្នកទាំង ០៥នាក់ ស្នាក់នៅផ្ទះជួល ភូមិស្វាយជ្រុំ សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ វត្ថុតាងដែលសមត្ថកិច្ចចាប់យក រួមមាន ទូរសព្ទដៃចំនួន ០៧គ្រឿង (ម៉ាក VIVO ROM ពណ៌ផ្កាឈូក, ម៉ាក SAMSUNG ពណ៌បៃតង, ម៉ាក OPPO Find X5 ពណ៌ស, ម៉ាក IPhone 11 Pro Max ពណ៌ខ្មៅ, ម៉ាក OPPO A92 ពណ៌ខ្មៅ, ម៉ាក HUAWEI NOVA3 ពណ៌ខៀវ និង ម៉ាក IPhone 12 Pro Max ពណ៌ខ្មៅ។ 
   សភាពរឿងហេតុៈ កាលពីថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០២៣ កន្លងទៅ ឈ្មោះ ស៊ុន សាំងលី ហៅម៉ាក់លីន បានមកជួលផ្ទះនៅ បុរីចតុមុខ២ ភូមិស្វាយជ្រុំ សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ដើម្បីលក់ផលិលផលរបស់ខ្លួន រួមមានដូចជា ថ្នាំពង្រីកដើមទ្រូង, ទឹកអនាម័យស្ត្រី, ទឹកក្រមុំ កុងគូរូ វីតាមីនប៊ីខេ អាហារបំផលផ្លូវភេទ...ជាដើម។ ក្រោយមកឈ្មោះ ស៊ុន សាំងលី បានទំនាក់ទំនងជាមួយឈ្មោះ ចាន់ សុភ័ក្រ្ត ភេទប្រុស អាយុ ២៩ឆ្នាំ និងឈ្មោះ ដេត វ៉ាន់ធី ភេទប្រុស អាយុ ២៩ឆ្នាំ ដើម្បីមកថតឃ្លីបវីដេអូ រឿងកំប្លែង និងដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលរបស់ខ្លួន ថែមទាំងផ្សាយផ្ទាល់តាមគណនី Facebook Page មានឈ្មោះ «Mak Lin 18»។ 
   លុះដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ ឈ្មោះ ទូច ស្រីមី ហៅ អាមៀវ ភេទស្រី អាយុ ២៩ឆ្នាំ និងឈ្មោះ ម៉ា ស្រីលាក់ ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ បានមកជួយឡាយវីដេអូលក់ផលិតផលរបស់ខ្លួន ដោយស៊ីភាគរយក្នុងមួយប្រអប់លក់តម្លៃ ៣៥ដុល្លារ ទទួលបានប្រាក់ចំណេញភាគរយ ចំនួន ០៥ដុល្លារ ពីឈ្មោះ ស៊ុន សាំងលី។ ចំណែកការស្នាក់នៅ និងការបរិភោគ គឺឈ្មោះ ខាងលើជាអ្នកទទួលខុសត្រូវទាំងស្រុង។ 
   រហូតដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ២០និង០០នាទី ស្រាប់តែឈ្មោះ ម៉ា ស្រីលាក់ បានឡាយលក់ផលិតផលរបស់ខ្លួនខាងលើ ដោយឱ្យឈ្មោះ ទូច ស្រីមី ឈរពីក្រោយខ្នងខ្លួនកំពុងតែអង្គុយឡាយវីដេអូចាំទះដៃ និងស្រែកបន្ទរ ខណៈពេលកំពុងឡាយវីដេអូនោះ ឈ្មោះ ម៉ា ស្រីលាក់ បានស្រែកខ្លាំងៗ ហើយប្រើពាក្យ អាសអាភាស ចំអេះចំអាសជាច្រើន។ ចំណែកឈ្មោះ ទូច ស្រីមី បានទះដៃ និងស្រែកបន្ទរនូវពាក្យពេចន៍មិនសមរម្យធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្ត្រីខ្មែរថែមទៀតផង។ 
   ក្រោយការឡាយវីដេអូបង្ហោះលើបណ្តាញសង្គមនូវពាក្សអសរូស មិនសមរម្យ អាសអាភាសន៍នាំឲ្យប៉ះពាល់កិត្តិយសស្ត្រីខ្មែរ និងមហាជនរិះគន់យ៉ាងខ្លាំងសមត្ថកិច្ចជំនាញបានស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនអ្នកពាក់ព័ន្ធក្នុងការរៀបចំផលិតមាតិការមិនសមរម្យយកមកសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធីច្បាប់។ 
   ជនសង្ស័យទាំង ០៥នាក់ ត្រូវបានចៅក្រមសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្នក្រោមចោទប្រកាន់អំពៅបទល្មើស«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍, ញុះញង់ឱ្យមានការរើសអើង និងសញ្ចារកម្ម តាមបញត្តិមាត្រា២៨៤ មាត្រា ៤៩៥ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ»៕