2023-12-05 11:12
333

ភ្នំពេញ៖ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍គួរឱ្យញាក់សាច់ ដែលបង្កឡើងដោយរថយន្ត Toyota Prius ០១គ្រឿង បើកបរយ៉ាងលឿនជ្រុលបុកុក្បាលនាគរបាំងថ្មពុះចែកទ្រូងផ្លូវនៅគល់ស្ពានអាកាស «៥មករា»   ពេញមួយទំហឹង បណ្តាលឱ្យឆេះរថយន្តយ៉ាងសន្ធោសន្ធៅ និងបង្កឱ្យភ្ញៀវជនជាតិកូរ៉េ ចំនួន ០២នាក់ បានរងរបួសស្រាល។

ករណីគ្រោះថ្នាក់ចរាចររថយន្តដ៏រន្ធត់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ នេះ ស្ថិតនៅតាមបណ្ដោយ ផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុច មន្ទីរពេទ្យកុមារជាតិ ក្នុងសង្កាត់ទឹកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា រថយន្តរងគ្រោះ ម៉ាក Toyota Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BE-7185 រត់តាក់ស៊ីបានដឹកភ្ញៀវបរទេស ចំនួន ០២នាក់ ចេញពីព្រលានយន្តហោះ អន្តរជាតិភ្នំពេញ តាមបណ្ដោយ ផ្លូវសហព័ន្ធរុស្ស៊ីយ៉ាងលឿន ក្នុងទិសដៅពីលិចឆ្នោះទៅកើត ដល់ចំណុចគល់ស្ពាន «៥មករា» ជិតមន្ទីរពេទ្យកុមារជាតិ បានជ្រុលបុកក្បាលនាគជារបាំងថ្មពុះចែកផ្លូវយ៉ាងពេញទំហឹង បង្កឲ្យរថយន្តបានហុយផ្សែងយ៉ាងខ្លាំង និងអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ត្រូវប្រជាពលរដ្ឋជិតខាងបានទាញបំពង់ពន្លត់អគ្គីភ័យបាញ់ទប់ស្កាត់រួចក៏វាយបំបែកកញ្ចក់រថយន្តដើម្បីជួយទៅលើជនបរទេសពីរនាក់ ដែលជាប់នៅក្នុងរថយន្តចេញមកក្រៅដោយសុវត្ថិភាពគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ។

ក្នុងករណីនេះ អ្នកបើករថយន្តសមិនស្គាល់អត្តសញ្ញាណឡើង ព្រោះក្រោយពេលកើតហេតុ បានបើកទ្វារថយន្តចុះរត់គេចខ្លួនបាត់ស្រមោល។
បន្ទាប់ពីកើតមានហេតុគ្រោះថ្នាក់ចរាចររហូតក្លាយជាអគ្គិភ័យឆេះរថយន្តនេះ សមត្ថកិច្ចខណ្ឌទួលគោក និងរថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យ បង្ការ និងពន្លត់អគ្គិភ័យ ចំនួន ០២គ្រឿង បានចេញមកអន្តរាគន៍ធ្វើការបាញ់ទឹកពន្លត់អស់ ០២រថយន្ត ទើបរលត់ទាំងស្រុង។ ចំពោះជនបរទេសដែលរងបួសត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ ព្រះកុសុម ដឹកយកទៅសង្គ្រោះភ្លាមៗតែម្ដង។ 

បច្ចុប្បន្ន រថយន្ត Toyota Prius បង្កត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីធ្វើការស្រាវជ្រាវ និងរងចាំការដោះស្រាយតាមផ្លូវច្បាប់៕