2024-01-21 01:01
330

កំពត៖ ករណីឪពុកបង្កើតថតវីដេអូបង្ហោះលើបណ្តាញសង្គមដោយគំរាមសម្លាប់ ដើម្បីសុំត្រូវរ៉ូវគ្នាវិញជាមួយប្រពន្ធនៅខេត្តកំពត ពេលនេះ ជនបង្កត្រូវកម្លាំងនគរបាលចាប់ខ្លួន, ក្មេងរងគ្រោះមានសុវត្ថិភាពបានប្រគល់ជូនម្ដាយវិញ។ 
    នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ នេះស្នងការដ្ឋាននគរបាលខេត្តកំពត បានបញ្ជាក់ថា បាននាំខ្លួនឪពុក និងកូនប្រុស មកសួរនាំជុំវិញការថតវីឌីអូ ក្នុងគោលបំណងចង់អោយប្រពន្ធមកជួបជុំគ្នាវិញ ហើយក្មួយប្រុសបានប្រគល់ជូនម្តាយហើយ។ ដោយឡែកបុរសជាប្តីត្រូវបន្តនិតិវិធីច្បាប់។ 
   សូមជម្រាបថា កាលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៥និង៣០នាទី មានករណីឪពុកបង្កើតគំរាមសម្លាប់កូនឈ្មោះ ឌិន សុរ៉ាសម្រិត ភេទប្រុស អាយុ ០៥ឆ្នាំ មានទីលំនៅភូមិព្រៃឈើទាល ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត ។
ជនសង្ស័យត្រូវជាឪពុកមានឈ្មោះ លឹម ពិទូ ភេទ ប្រុស អាយុ ២៨ឆ្នាំ បាននាំកូនជិះម៉ូតូទៅទិសខាងលិច ដោយមិនដឹងទៅកន្លែងណា។ មូលហេតុ ជនសង្ស័យឈ្លោះជាមួយប្រពន្ធបានគំរាមថានឹង «សម្លាប់» កូនចោលប្រសិនបើប្រពន្ធមិនព្រមត្រូវរ៉ូវគ្នាវិញជាខ្លួនទេនោះ ។ 
    លុះដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៤និង៣០នាទី កម្លាំងរបស់នាតកដ្ឋាននគរបាលព្រហ្មទណ្ឌ អគ្គសហនងការនគរបាលជាតិ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពតបានឃាត់ខ្លួនជនសង្ស័យឈ្មោះ លឹម ពិទូ ត្រង់ចំណុច ភូមិនរាយ៍ ឃុំនរាយ៍ ស្រុកឈូក ខេត្តកំពត់ ។ 
   នគរបាលបានបញ្ជាក់ថា ក្រោយមានការបង្ហោះវីដេអូដោយចងកូន និងបានគំរាមសម្លាប់រួចមកសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បានបើកប្រតិបត្តិការស្រាវជ្រាវ ព្រមទាំងអំពាវនាវឲ្យបុរសជាឪពុកប្រគល់ខ្លួនសមត្ថកិច្ច ព្រោះគ្មានបញ្ហាណាដោះស្រាយមិនបានឡើយ វាស្ថិតនៅលើពេលវេលា សូមកុំជ្រើសរើសយកផ្លូវនេះ អាណិតកូនគ្នាមិនដឹងអ្វីនោះទេ! ។
   ការអំពាវនាវរបស់ប៉ូលិសបានបញ្ជាក់ថា ពេលក្រុមគ្រួសារបានតេហៅប្រពន្ធរបស់ប្អូនឡើងពីកំពង់សោមមកដើម្បីជជែកគ្នាជាមួយប្អូនហើយ សង្ឃឹមថាប្អូន នឹងបានឃើញសារនេះ ហើយប្អូននិងត្រលប់មកវិញដើម្បីដោះស្រាយជាមួយប្រពន្ធរបស់ប្អូន ។ 
   បច្ចុប្បន្ន ចំពោះក្មេងប្រុសឈ្មោះ ឌិន សុរ៉ាសម្រិត មិនមានរងរបួសអ្វីទេ ហើយពេលនេះឈ្មោះ លឹម ពិទូ បានប្រគល់ឲ្យទៅស្នងការដ្ឋាននគរបាលខេត្តកំពត់ ដើម្បីចាត់ការតាមនិតិវិធីបន្ត ៕