2024-02-11 04:02
67

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយ អ្នកបើករថយន្ត ដឹកផ្លែស្វាយសង្ស័យងងុយដេកជ្រុលទៅបុកសួនច្បារសាធារណៈ និងបន្តទៅបុកផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នងផ្ទះ និងសម្ភារៈមួយចំនួនផ្អើលទាំងព្រឹកព្រលឹមនៅស្រុកកំពង់រោទ៍។
    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣៥នាទីទាបភ្លឺឈានចូល ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ លើផ្លូវជាតិលេខ៣៣៤ ស្ថិតនៅចំណុចភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង លើផ្លូវជាតិលេខ៣៣៤។
    នគរបាលស្រុកបានឲ្យដឹងថាអ្នកបើករថយន្ត រងរបួស មានឈ្មោះ កែន ថុន ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរអ្នកបើកបរ មានទីលំនៅភូមិសាឡាំ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ខណៈបើក រថយន្តដឹកទំនិញធុនធំ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ ៣A -៧៧៤៧។
   តាមអ្នកបើករថយន្តឈ្មោះ កែន ថុន បានប្រាប់សមត្ថកិច្ចថាមុនកើតហេតុខ្លួនបើករថយន្តដឹកផ្លែស្វាយមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ ៣A -៧៧៤៧ក្នុងទិសដៅពីជើងទៅត្បូង ស្ថិតនៅចំណុចភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទ៍ ខ្លួនងងុយ ដេកមួយ ផាំង ក៏បានជ្រុល ចង្កូត ទៅបុកសួនច្បារសាធារណៈ និងបន្តទៅបុកផ្ទះប្រជាពលរដ្ឋតែម្ដង។
   សមត្ថកិច្ចបញ្ជាក់ថាផ្ទះដែលរងការខូចខាតចំនួន៣ខ្នងផ្ទះ និងសំយ៉ាបផ្ទះប្រជាពលរដ្ឋ២ខ្នងផ្ទះ និងសម្ភារ:រួមមាន ម៉ូតូចំនួន ០២គ្រឿង រថយន្ត១គ្រឿង បង្គោលភ្លើង១ដើម ។
   ក្រោយមកអ្នកបើកបររងរបួសស្រាល ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ចំណែករថយន្តមានការខូចខាតធ្ងន់។
បច្ចុប្បន្ន: រថយន្ត  ត្រូវបានសមត្ថកិច្ច អូសយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំញរ ដើម្បីដោះស្រាយតាមច្បាប់ ៕