2024-10-06 10:28
99

ស្វាយរៀង៖ ទីតាំងហាងការ៉ាអូខេមួយកន្លែង មានយីហោ «KTV BWOW» នៅក្រុងបាវិត លួចបើកភ្លើងខៀវឱ្យជនជាតិវៀតណាម ប្រព្រឹត្តបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុស ត្រូវបានកម្លាំងសមត្ថកិច្ចជំនា​ញប្រឆាំងគ្រឿងញៀនឆ្មក់ចុះបង្ក្រាបឃាត់ខ្លួនជនជាតិវៀតណាម ចំនួន ០៩នាក់ រឹបអូសគ្រឿងញៀនបានជាង ២គីឡូក្រាម។

តាមសេចក្តីរាយការណ៍ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ប្រតិបបត្តិការនៃការបង្ក្រាបទីតាំង «KTV BWOW» អនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង ក្រោមដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ដូរ៉ា អង្គប្រទាន និងកញ្ញា ពៅ ទេវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។

តាមរបាយការណ៍បានបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ កន្លងទៅ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណី ជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចហាងខារ៉ាអូខយីហោ KTV BWOW ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម ចំនួន ០៩នាក់ ភេទប្រុស ដោយដកហូត និងចាប់យកសម្ភារៈវត្ថុតាង ដែលពាក់ព័ន្ធក្នុងបទល្មើសរួមមាន៖ ថ្នាំញៀន ប្រភេទ កេតាមីន ទម្ងន់ ១១០៧.១៦ ក្រាម, ថ្នាំញៀន ប្រភេទ អ៊ិចស្តាស៊ី ទម្ងន់ ១២៥២.១២ក្រាម, ថ្នាំញៀន ប្រភេទ មេតំហ្វេតាមីន ទម្ងន់ ៥.១៣ ក្រាម (សរុបសារធាតុញៀន ទម្ងន់ ២៣៦៤.៤១ក្រាម (២គីឡូ៣៦៤.៤១ក្រាម), ទូរសព្ទដៃ ចំនួន ០៩គ្រឿង, ម៉ូតូ ចំនួន ០៣ គ្រឿង, លិខិតឆ្លងដែន ចំនួន ០៦ ក្បាល, អត្តសញ្ញាណប័ណ្ណ ជនជាតិវៀតណាម ចំនួន ០៥ សន្លឹក ព្រមទាំងឧបករណ៍សម្ភារះ ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់៕