
ប៉ូឡូញ៖ យន្តហោះចម្បាំង F-16 របស់កងទ័ពអាកាសប៉ូឡូញ បានធ្លាក់កាលពីល្ងាចថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន អំឡុងពេលហាត់សមត្រៀមក្នុងកម្មវិធីអ៊ារសូរ រេដុំ ធ្វេនធី ធ្វេនធីហ្វាយ ( AirSHOW Radom 2025 ) នាសប្ដាហ៍ក្រោយខាងមុខ នៅកណ្តាលប្រទេសប៉ូឡូញ បណ្ដាលឲ្យពីឡុតស្លាប់ ក្នុងហេតុការណ៍នេះ។ នេះបើយោងតាមការចេញផ្សាយរបស់ ឌីហ្វេនមីរ័រ ។
រដ្ឋមន្ត្រីក្រសួងការពារជាតិប៉ូឡូញលោក វ្លាឌីស្លេវ ( Wladyslaw Kosiniak-Kamysz ) បានឲ្យដឹងថា វាជា " ការខាតបង់ដ៏ធំធេងបំផុតសម្រាប់កងទ័ពអាកាស និងកងទ័ពប៉ូឡូញទាំងមូល" ក្នុងហេតុការណ៍ធ្លាក់យន្តហោះចម្បាំង F 16 នេះ ។
ហេតុការធ្លាក់យន្តហោះនេះបានកើតឡើងបន្ទាប់ពីយន្តហោះ F-16 បានហោះចេញពីមូលដ្ឋានទ័ពអាកាសទី31 នៅជិតភូណាន ( Poznan ) មុនពេលបាត់បង់ការគ្រប់គ្រង បណ្ដាលឲ្យយន្តហោះនោះរអិលរត់ខុសផ្លូវផ្ទុះឆេះតែម្ដង ។ អគ្គបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធ បានបញ្ជាក់ថា ហេតុការធ្លាក់យន្តហោះនេះ មិនបណ្ដាលឲ្យអ្នកឈរមើលណារងរបួសនោះទេ រំពេចនោះ ក្រុមប្រតិបត្តិការជួយសង្គ្រោះភ្លាមៗ បន្ទាប់ពីកើតហេតុ ប៉ុន្តែគួរឲ្យសោកស្ដាយអ្នកបើកយន្តហោះ F-16 ដែលជាកងទ័ពប៉ូឡូញបានស្លាប់មិនអាចជួយសង្ហ្រោះជីវិតបានឡើយ។ បន្ទាប់ពីជួបឧប្បត្តិហេតុនេះ អ្នករៀបចំកម្មវិធីបានប្រកាសលុបចោលភ្លាមៗកម្មវិធី អ៊ារសូរ រេដុំ ធ្វេនធី ធ្វេនធីហ្វាយ ( AirSHOW Radom 2025 ) ដែលគ្រោងធ្វើនៅចុងសប្តាហ៍នេះ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាការធ្លាក់នេះបានធ្វើឱ្យខូចខាតផ្នែកនៃផ្លូវរត់ ដែលធ្វើអោយមានភាពស្មុគស្មាញបន្ថែមទៀតដល់ការរៀបចំព្រឹត្តិការណ៍នេះ ។ ប៉ុន្តែមិនមានព័ត៌មានលម្អិតជាក់លាក់ណាមួយបន្ថែមពីមូលហេតុនៃការធ្លាក់យន្តហោះF 16 នេះត្រូវបានគេចេញផ្សាយនោះទេ៕

