
កាប៊ុល៖ គ្រោះរញ្ជួយដីដ៏អាក្រក់បំផុតមួយ បានវាយប្រហារប្រទេសអាហ្វហ្គានីស្ថានបណ្ដាលឲ្យមនុស្សជាង ៨០០ នាក់ ស្លាប់ និងរបួសយ៉ាងតិច ២.៨០០ នាក់ ខណៈដែលក្រុមអ្នកជួយសង្គ្រោះបានព្យាយាម ទៅដល់តំបន់ដាច់ស្រយាលយ៉ាងលំបាកដើម្បីជួយ។
តាមការរាយការណ៍ពីសារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី០២ កញ្ញា បានឲ្យដឹងថា គ្រោះមហន្តរាយ បានធ្វើឲ្យរដ្ឋបាលតាលីបង់ត្រូវចំណាយធនធានរបស់ខ្លួនដើម្បីជួយប្រជាជនដែលរងគ្រោះ និងបានស្នើសុំជំនួយពីអន្តរជាតិបន្ថែម ព្រោះប្រទេសនេះជាប្រទេសដែលហែកហួរដោយសង្រ្គាម និងកំពុងប្រឈមមុខនឹងវិបត្តិខ្លាំង។
លោក Sharafat Zaman អ្នកនាំពាក្យក្រសួងសុខាភិបាលនៅទីក្រុងកាប៊ុល បានអំពាវនាវឱ្យមានជំនួយអន្តរជាតិ ដើម្បីដោះស្រាយការបំផ្លិចបំផ្លាញដែលបានកើតឡើងដោយការរញ្ជួយដីកម្រិត៦ រ៉ិចទ័រ បានវាយប្រហារនៅពាក់កណ្តាលអធ្រាត្រ (ម៉ោងក្នុងស្រុក)ក្នុងជម្រៅ ១០ គីឡូម៉ែត្រ ។
បន្ថែមពីនោះ អ្នកនាំពាក្យរដ្ឋបាល លោក Zabihullah Mujahid បាននិយាយថា គ្រោះរញ្ជួយដីនេះបានសម្លាប់មនុស្សចំនួន ៨១២ នាក់ នៅក្នុងខេត្តភាគខាងកើតនៃ Kunar និង Nangarhar ។
ក្នុងស្ថានភាពនៃគ្រោះមហន្តរាយនេះ អ្នកភូមិខ្លះបានត្រឹមអង្គុយយំចំពេលមានគំនរបាក់បែកផ្ទះរបស់ពួកគេ។ ជនរងគ្រោះម្នាក់បានប្រាប់អ្នកយកព័ត៌មានថា " ភូមិទាំងមូលត្រូវបានបំផ្លាញ។ កុមារ និងមនុស្សចាស់ត្រូវបានជាប់នៅក្រោមគំនរបាក់បែក។ យើងត្រូវការជំនួយជាបន្ទាន់។"
សូមបញ្ជាក់ថា នេះជាការរញ្ជួយដីដ៏ធំលើកទីបីរបស់ប្រទេសអាហ្វហ្គានីស្ថានហើយ ចាប់តាំងពីក្រុមតាលីបង់បានចូលកាន់កាប់ក្នុងឆ្នាំ២០២១ នៅពេលកងកម្លាំងបរទេសបានដកខ្លួនចេញ ដែលបណ្តាលឱ្យមានការកាត់ផ្តាច់មូលនិធិអន្តរជាតិ ដែលបង្កើតបានជាផ្នែកហិរញ្ញវត្ថុរបស់រដ្ឋាភិបាល។
អ្នកការទូត និងមន្ត្រីជំនួយនិយាយថា វិបត្តិនៅកន្លែងផ្សេងទៀតក្នុងពិភពលោក រួមជាមួយនឹងការខកចិត្តរបស់ម្ចាស់ជំនួយចំពោះគោលនយោបាយរបស់ពួកតាលីបង់ចំពោះស្ត្រី បានជំរុញឱ្យមានការកាត់ផ្ដាច់ថវិកាក្នុងការជួយទៅដល់ប្រទេសនេះ៕
