
រុស្ស៊ី និងចិន បញ្ចេញការប្រត្តិកម្មភ្លាមៗ ថែមទាំងបានព្រមានទៅកាន់ប្រទេសជប៉ុន ដាច់ដោយឡែកពីគ្នាលើការសម្រេចចិត្តរបស់ជប៉ុន ក្នុងការអនុញ្ញាតឱ្យសហរដ្ឋអាមេរិកដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម ថៃផន "Typhon" ក្នុងអំឡុងពេលសមយុទ្ធយោធារួមគ្នានៅប្រទេសជប៉ុននៅខែក្រោយនេះ។ នេះបើតាមការចេញផ្សាយរបស់ ឌីហ្វេន មីរ័រ នៅថ្ងៃទី០១ កញ្ញា ២០២៥នេះ។
រុស្ស៊ី និងចិន បាននិយាយថា ទង្វើនេះគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ និងអាចបង្កឲ្យមានវិធានការតបត។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារៀរ សាហារូវ៉ា ( Maria Zakharova ) បាននិយាយកាលពីថ្ងៃសុក្រថា "លោកស្រីចាត់ទុកការដាក់ពង្រាយមីស៊ីល Typhon ជាជំហានអស្ថិរភាពមួយទៀត ដែលជាផ្នែកមួយនៃដំណើររបស់ទីក្រុងវ៉ាស៊ីនតោន ឆ្ពោះទៅរកការបង្កើនសក្តានុពលនៃមីស៊ីលរយៈចម្ងាយខ្លី និងមធ្យមដែលមានមូលដ្ឋានលើដី"។ លោកស្រីបានបន្ថែមថា ការដាក់ពង្រាយមីស៊ីល Typhon នៅក្បែរប្រទេសរុស្ស៊ី វាបង្កជា «ការគំរាមកំហែងជាយុទ្ធសាស្ត្រផ្ទាល់»។
ទីក្រុងមូស្គូបានកត់សម្គាល់ពី "ការពន្លឿនការធ្វើយោធា" របស់ប្រទេសជប៉ុន និងការបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិជាមួយសហរដ្ឋអាមេរិក លោកស្រីបានព្រមានថា ប្រសិនបើទីក្រុងតូក្យូមិនពិចារណាឡើងវិញអំពីការដាក់ពង្រាយនេះ រុស្ស៊ី "នឹងត្រូវចាត់វិធានការបច្ចេកទេសយោធាសមស្របជាការឆ្លើយតប" និងបានសង្កត់ធ្ងន់ថា" ភាគីជប៉ុនត្រូវទទួលខុសត្រូវទាំងស្រុងចំពោះការបង្កឲ្យមានភាពតានតឹង នៅក្នុងតំបន់"។
ចិនក៏បានជំរុញឲ្យជប៉ុនបញ្ឈប់ផែនការដែលអនុញ្ញាតឲ្យអាមេរិចដាក់ពង្រាយមីស៊ីល នេះដែរ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ហ្គូ ជៀវគុន ( Guo Jiakun ) បាននិយាយកាលពីថ្ងៃសុក្រនេះថា " ប្រទេសចិនតែងតែប្រឆាំងសហរដ្ឋអាមេរិកក្នុងការដាក់ពង្រាយប្រព័ន្ធមីស៊ីល ថៃផន មីត រ៉េង ខេបអ៊ឹប៊ីលីធី ( Typhon Mid-Range Capability ) នៅក្នុងតំបន់អាស៊ី" ។
លោកបន្តថា ការដាក់ពង្រាយនេះគឺ«បំផ្លាញផលប្រយោជន៍សន្តិសុខស្របច្បាប់របស់ប្រទេសដទៃ និងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់សន្តិសុខជាយុទ្ធសាស្ត្រក្នុងតំបន់អាស៊ី»។ លោកបានអំពាវនាវដល់ប្រទេសជប៉ុនឱ្យ "យកចិត្តទុកដាក់លើប្រវត្តិសាស្រ្តនៃការឈ្លានពានរបស់ខ្លួន ដើរតាមគន្លងនៃការអភិវឌ្ឍន៍ដោយសន្តិភាព ធ្វើសកម្មភាពប្រកបដោយការប្រុងប្រយ័ត្នក្នុងវិស័យយោធា និងសន្តិសុខ និងជៀសវាងការបាត់បង់ការជឿទុកចិត្តបន្ថែមទៀតពីប្រទេសជិតខាងក្នុងតំបន់អាស៊ី និងសហគមន៍អន្តរជាតិ"។
ប្រព័ន្ធមីស៊ីលថៃផន ( Typhon ) មានសមត្ថភាពបាញ់បង្ហោះកាំជ្រួច SM-6 និង តូម៉ាហាក ( Tomahawk ) ដែលមានរយៈចម្ងាយរហូតដល់ 2,000 គីឡូម៉ែត្រ នឹងត្រូវដាក់នៅចម្ងាយប្រហែល 40 គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង ហ៊ីរ៉ូស៊ីម៉ា ( Hiroshima ) ក្នុងអំឡុងពេលសមយុទ្ធ រីសូលូសសិន ដ្រាហ្គន "Resolute Dragon" របស់សហរដ្ឋអាមេរិក-ជប៉ុន ដែលគ្រោងធ្វើឡើងនៅថ្ងៃទី11 ដល់ 25 ខែកញ្ញានេះ។ ដែលមានទាហានអាមេរិកប្រហែល 1,900 ទៅ12,300 នាក់ ត្រូវបានរំពឹងថានឹងចូលរួម។
គេរំពឹងថាអាមេរិចនឹងដាក់បង្ហាញប្រព័ន្ធមីស៊ីល ថៃផន ( Typhon ) ជាលើកទីបី នៅប៉ាស៊ីហ្វិកខាងលិច ។ កងទ័ពសហរដ្ឋអាមេរិកបានសាកល្បងប្រព័ន្ធមីស៊ីល ថៃផន ( Typhon ) នៅប្រទេសអូស្ត្រាលីកាលពីខែមុន និងក្នុងឆ្នាំ 2024 ក៏ធ្លាប់បានបញ្ជូនវាទៅហ្វីលីពីនផងដែរ ។ ចាប់តាំងពីចាកចេញពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យមក្នុងឆ្នាំ២០១៩មក ទីក្រុងវ៉ាស៊ីនតោន បានស្វែងរកទីតាំងប្រព័ន្ធបែបនេះនៅទូទាំងអាស៊ី ដើម្បីពង្រឹងការរារាំងរបស់ខ្លួនប្រឆាំងនឹងប្រទេសចិន។


