
ថៃ៖ ព្យុះត្រូពិចមួយឈ្មោះថា ព្យុះទីហ្វុង Mitag បានបង្កការបំផ្លិចបំផ្លាញនៅក្នុងខេត្ត Loei ប្រទេសថៃ ដោយបង្កជាទឹកជំនន់ភ្លាមៗ ធ្វើឲ្យរថយន្តមួយគ្រឿងលិចទឹកស្ទើរតែទាំងស្រុងទៅហើយ។
តាមការចេញផ្សាយពីសារព័ត៌មានស្រុកថៃ នៅថ្ងៃទី១៩ កញ្ញា បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ បានចាប់ផ្តើមកាលពីយប់មិញ និងបានបន្តពេញមួយថ្ងៃទៀត បង្កជាទឹកជំនន់ភ្លាមៗ ដែលបណ្ដាលឲ្យរថយន្តមួយគ្រឿង លិចក្នុងទឹក ជាហេតុត្រូវបង្ខំឲ្យអ្នកស្រុកក្នុងតំបន់នោះប្រើត្រាក់ទ័រ ដើម្បីអូសឡានខាងលើយកទៅកន្លែងសុវត្ថិភាព។
លើសពីនេះ ក្រសួងធនធានទឹក និងឧតុនិយមថៃបានចេញសេចក្តីជូនដំណឹងមួយ ដោយបានកត់សម្គាល់ថា ខ្យល់មូសុងបានបក់បោកមកលើតំបន់ភាគខាងជើង ភាគកណ្តាល និងភាគឦសាននៃប្រទេសថៃ ដែលបណ្តាលឱ្យមានការកើនឡើង ហើយនៅតំបន់ខ្លះមានភ្លៀងធ្លាក់ខ្លាំង។
គួរឲ្យដឹងថា នេះមិនមែនជាលើកទីមួយទេ ដែលប្រទេសថៃរងការវាយប្រហារពីព្យុះផ្សេងៗ ខណៈដែលបច្ចុប្បន្ន ប្រទេសនេះក៏កំពុងទទួលរងគ្រោះទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងខេត្តជាច្រើនរួចទៅហើយ ដែលបណ្ដាលឲ្យខូចខាតរចនាសម្ព័ន្ធ និងរំខានដល់ការរស់នៅរបស់ប្រជាជនថៃ ក៏ដូចជាបណ្ដាលឲ្យសាលាមួយចំនួននក្នុងខេត្តផ្សេងទៀត ត្រូវបង្ខំចិត្តបិទទ្វារផងដែរ៕
