
ថៃ៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ទីបញ្ជាការកងយោធពលភូមិន្ទថៃ បានបើកកិច្ចប្រជុំគណៈកម្មាធិការបញ្ជាការដ្ឋានយោធភូមិភាគទី៥ សម្រាប់ឆ្នាំសារពើពន្ធ២០២៥ ក្រោមអធិបតីភាព ឧត្តមសេនីយ Songwit Noonpakdee អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទថៃ (C-in-C) ជាមួយឧត្តមសេនីយ Pana Klaewplodth មេបញ្ជាការកងទ័ពភូមិន្ទថៃ (C-in-C), ឧត្តមនាវីឯក Chirapol Wongwit អគ្គមេបញ្ជាការនៃកងទ័ពជើងទឹកថៃ (C-in-C), ឧត្តមនាវីឯក Panphakdi Pattanakul អគ្គមេបញ្ជាការនៃកងទ័ពអាកាសថៃ (C-in-C) និងឧត្តមសេនីយ៍ឯក Kittirat Phanphet អគ្គស្នងការនគរបាលភូមិន្ទថៃ (C-in-C) រួមជាមួយនឹងអគ្គសេនាធិការនៃកងយោធពលភូមិន្ទថៃ។
តាមការចេញផ្សាយពីសារព័ត៌មានស្រុកថៃ Khaosod នៅថ្ងៃទី១៩ កញ្ញា នេះបានឲ្យដឹងថា កិច្ចប្រជុំបានពិភាក្សាលើបញ្ហាសំខាន់ៗចំនួន៣ ដូចជា៖ ១-ការបិទច្រកព្រំដែនអចិន្ត្រៃយ៍ និងចំណុចបន្ធូរបន្ថយពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-ថៃ។ ហើយជាលទ្ធផល កិច្ចប្រជុំរបស់គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយបានឯកភាព រក្សាស្ថានភាពបិទព្រំដែនបច្ចុប្បន្ន។
ទី២៖ មានការសាងសង់របងព្រំដែនកម្ពុជា-ថៃ។ យោងតាមកិច្ចប្រជុំ សម្រាប់ការសាងសង់របងព្រំដែន គឺសាងសង់នៅតំបន់ព្រំដែនដែលភាគីទាំងសងខាងបានព្រមព្រៀងគ្នារួចហើយ។
សម្រាប់តំបន់ដែលកិច្ចព្រមព្រៀងមិនទាន់សម្រេចបាន វិធានការល្បាត និងឃ្លាំមើលជាបន្តបន្ទាប់នឹងត្រូវបានអនុវត្ត រួមទាំងការបង្កើតផ្លូវយុទ្ធសាស្ត្រនៅតាមបណ្តោយប្រវែងទាំងមូលនៃព្រំដែន។ ទី៣៖ គោលការណ៍ណែនាំសម្រាប់ចាត់វិធានការប្រឆាំងនឹងការរំលោភលើអធិបតេយ្យភាពរបស់ប្រទេសថៃ។
ជាលទ្ធផលនៃកិច្ចប្រជុំខាងលើ អគ្គមេបញ្ជាការរងនៃកងយោធពលភូមិន្ទថៃ បានសម្រេចបិទច្រកព្រំដែនកម្ពុជា-ថៃ បន្តទៀត ដោយលើកហេតុផលចោទកម្ពុជាថា បានគំរាមគំហែងដល់ប្រទេសថៃ។
គួរបញ្ជាក់ថា កាលពីពេលកន្លងទៅ យោធាថៃបានសម្រេចបិទច្រកព្រំដែនជាមួយកម្ពុជាជាឯកតោភាគី ដោយមិនពិភាក្សាឬផ្ដល់ដំណឹងដល់កម្ពុជាមុនសូម្បីតែបន្តិច។
ជុំវិញនៃការបិទនេះដែល ភាគីថៃក៏បានបន្តបង្កើនកម្ដៅឥតល្ហែនៅតាមព្រំដែន រហូតឈានដល់ការរំលោភបំពានលើដែនអធិបតេយ្យភាពមកលើកម្ពុជាម្ដងជាពីរដងឥតឈប់ឈរ។
ជុំវិញការចោទប្រកាន់ និងការរំលោភបំពានពីភាគីថៃនេះ កម្ពុជាបានប្រកាន់ជំហយ៉ាងមុតមាំក្នុងការប្រើច្បាប់អន្តរជាតិមកដោះស្រាយ ដោយសន្តិភាព និងដើម្បីបន្ថយភាពតានតឹងដែលកំពុងកើតឡើងតាមព្រំដែន។ បន្ថែមពីនោះ រាជរដ្ឋាភិបាលកម្ពុជា នៅតែអំពាវនាវឲ្យថៃ គោរពបទឈប់បាញ់ដែលចូលជាធរមាន នៅថ្ងៃទី២៨ កក្កដា ឆ្នាំ២០២៥ រួមទាំងកិច្ចព្រមព្រៀងផ្សេងទៀតដែលបានព្រមព្រៀង កាលពីពេលថ្មីៗកន្លងទៅ៕
