2025-09-25 13:13
69

KYIV, អ៊ុយក្រែន (AP) - ប្រជាជនអ៊ុយក្រែន ហាក់ស្រឡាំងកាំងស្ទើរគ្រប់គ្នា បន្ទាប់ពីបុរសមហាអំណាចរបស់អាមេរិក លោក ប្រធានាធិបតី ដូណាល់ ត្រាំ បានលើកទស្សនៈ បង្ហាញពីការរំពឹងទុកថា អ៊ុយក្រែនអាចកម្ចាត់ការឈ្លានពានរបស់រុស្ស៊ីបាន ដោយគាត់បាននិយាយថា អ៊ុយក្រែនអាចឈ្នះសង្គ្រាមរយៈពេលបីឆ្នាំ និងដណ្តើមយកទឹកដីដែលកាន់កាប់ដោយទីក្រុងម៉ូស្គូមកវិញបាន។

ប៉ុន្តែផ្ទុយពីទស្សនៈរបស់ ត្រាំ មន្ត្រីរុស្ស៊ីម្នាក់បាននិយាយថា ការវិវឌ្ឍន៍នៅលើសមរភូមិបានបង្ហាញថា អ៊ុយក្រែនមិនអាចទាមទារយកទឹកដីដែលកាន់កាប់បានមកវិញទេ ហើយនឹងបានច្រានចោលការពិពណ៌នារបស់លោក Trump អំពីប្រទេសរុស្ស៊ីថាជា "ខ្លាក្រដាស" ទៀតផង។ ដោយអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា "រុស្ស៊ីមិនមែនជាខ្លាឃ្មុំក្រដាសទេ។ ប្រទេសរុស្ស៊ីគឺជាខ្លាឃ្មុំពិតប្រាកដ" ។ 

គួរឲ្យដឹងថា នៅក្នុងការអត្ថាធិប្បាយកាលពីថ្ងៃអង្គារកន្លងទៅនៅឯអង្គការសហប្រជាជាតិ និងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក Trump បានវាយបកទៅលើការដឹកនាំរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដោយបានធ្វើការកត់សម្គាល់អំពីសមត្ថភាពយោធារបស់រុស្ស៊ី និងបានចំអកដល់ដំណើរការសេដ្ឋកិច្ចរបស់រុស្ស៊ីថែមទៀតផង។ 

ក្នុងនោះ ត្រាំ ក៏បានបន្ថែមថា ណាតូគួរតែបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ីដែលចូលដែនអាកាសរបស់ពួកគេ ដូចដែលបានកើតឡើងថ្មីៗនេះនៅក្នុងប្រទេសអេស្តូនី។

ពាក្យចំអក និងផ្លែផ្ការវាងកំពូលមេដឹកអាមេរិក និងរុស្ស៊ី កំពុងបន្ថែមក្ដីសង្ឃឹមដល់ប្រជាជនអ៊ុយក្រែនរាប់ពាន់នាក់ ដែលពួកគេបានដាក់ក្ដីរំពឹងថា អាមេរិកបានងាកមកគាំទ្រអ៊ុយ ប៉ុន្តែក៏នៅមានប្រជាជនមួយចំនួនទៀត មានការប្រុងប្រយ័ត្នចំពោះភាពមិនអាចទាយទុកជាមុនបានរបស់ប្រធានាធិបតីអាមេរិករូបនេះផងដែរ។

ក្នុងនោះសូម្បីតែ លោក Dmitry Medvedev អតីតប្រធានាធិបតីរុស្ស៊ីដែលមានតួនាទីជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខដែលដឹកនាំដោយ លោក ពូទីន ក៏បានចំអកទៅ លោក ត្រាំ វិញដែរថា យោបល់របស់លោក Trump គ្រាន់តែជាការពិតជំនួសជំនួសប៉ុណ្ណោះ។ ហើយលោកបានព្យាករថា Trump អាចនឹងផ្លាស់ប្តូរចិត្តម្តងទៀតក្នុងពេលឆាប់ៗនេះ៕