2025-09-25 13:36
81

កាលពីថ្ងៃពុធទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ម្សិលម៉ិញនេះ លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា «លោកនឹងរំលាយសភានៅចុងខែមករា ឆ្នាំក្រោយនេះ ដើម្បីបើកផ្លូវសម្រាប់ការបោះឆ្នោតសកលជ្រើសតាំងមេដឹកនាំថ្មី ដែលគ្រោងនឹងធ្វើឡើងនៅចុងខែមីនា ឬដើមខែមេសា ព្រោះតាមច្បាប់ប្រទេសថៃ បានកំណត់ការបោះឆ្នោតត្រូវតែកើតឡើងក្នុងរយៈពេល ៤៥ទៅ៦០ថ្ងៃ បន្ទាប់ពីមានការរំលាយសភា»។

លោក Anutin ជាមេដឹកនាំគណបក្ស Bhumjaithai ដែលបច្ចុប្បន្នជានាយករដ្ឋមន្ត្រីទី៣២ និងមានតួនាទីជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរនោះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិសេសកាលពីថ្ងៃពុធ លោកបាននិយាយថា «លោកនឹងរំលាយសភាក្នុងរយៈពេល៤ខែទៀត គិតចាប់ពីថ្ងៃនៃសេចក្តីថ្លែងការណ៍គោលនយោបាយរបស់រដ្ឋាភិបាលទៅកាន់សភា»។

លោករំពឹងថា ការរំលាយសភាអាចធ្វើឡើងនៅចុងខែមករា ឆ្នាំ២០២៦ ដើម្បីប្រគល់អំណាចជូនប្រជាពលរដ្ឋវិញ ដោយអនុញ្ញាតឱ្យពួកគេអនុវត្តសិទ្ធិបោះឆ្នោតរបស់ពួកគេត្រឹមខែមីនា ឬយ៉ាងយូរនៅដើមខែមេសា ឆ្នាំ២០២៦។ នៅទីបំផុតពេលវេលាពិតប្រាកដនឹងត្រូវបានកំណត់ដោយគណៈកម្មការរៀបចំការបោះឆ្នោត។

សូមជម្រាបថា លោក Anutin បានក្លាយជានាយករដ្ឋមន្ត្រីទី៣២ របស់ប្រទេសថៃ បន្ទាប់ពីចាកចេញពីក្រុមចម្រុះដែលដឹកនាំដោយគណបក្សភឿថៃ និងបានឈ្នះការបោះឆ្នោតសភាកាលពីដើមខែកញ្ញានេះ។ 

លោកបានទទួលការគាំទ្រពីគណបក្សប្រជាជន ដែលទាមទារឲ្យមានការបោះឆ្នោតក្នុងរយៈពេលបួនខែ ជាលក្ខខណ្ឌសម្រាប់ការគាំទ្រលោក៕