2025-09-26 11:01
83

ថៃ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោកឧត្តមសេនីយ៍ Nattaphon Narkphanit បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ព្រះនាង Chulabhorn Krom Phra Srisavangavadhana បានបរិច្ចាគថវិកាចំនួន ១ លានបាត ដើម្បីបង្កើតមូលនិធិ Hathai Thip ដែលនឹងបម្រើជាទុនដំបូងសម្រាប់ការសាងសង់ជញ្ជាំង និងរបងនៅតាមព្រំដែនកម្ពុជា-ថៃ។ នេះបើតាមការចេញផ្សាយពីកាសែតថៃ The Nation នៅថ្ងៃទី២៦ កញ្ញា ឆ្នាំ២០២៥ ។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Nattaphon បន្ថែមថា របងព្រំដែននេះនឹងត្រូវសាងសង់នៅតំបន់ដែលបានកំណត់ព្រំដែននិងព្រមព្រៀងគ្នាច្បាស់លាស់។ ហើយក្នុងនោះ ទីបញ្ជាការកងទ័ពភូមិន្ទថៃ ត្រូវបានចាត់តាំងជាភ្នាក់ងារនាំមុខ ដោយសម្របសម្រួលជាមួយតំបន់កងទ័ពទី១ និងទី២ ព្រមទាំងកងទ័ពជើងទឹកថៃ សម្រាប់វិស័យភាគខាងត្បូង។

លោកឧត្តមសេនីយ៍ Nattaphon Narkphanit បញ្ជាក់បន្តថា ក្នុងគម្រោងសាងសង់ជញ្ជាំងនិងរបងព្រំដែនតាមបណ្តោយព្រំប្រទល់កម្ពុជា-ថៃ ទីបញ្ជាការកងកម្លាំងប្រដាប់អាវុធក៏ធ្វើការជាមួយនាយកដ្ឋានស្រាវជ្រាវភូមិន្ទថៃផងដែរ ដែលជាផ្នែកមួយនៃគណៈកម្មការព្រំដែនរួម (JBC) រួមមានឧបករណ៍ចាំបាច់សម្រាប់គម្រោងនេះ។

គួរបញ្ជាក់ឲ្យដឹងថា សម្រាប់ខេត្តស្រះកែវ របងដែលគ្រោងនឹងស្នើឡើងនេះនឹងលាតសន្ធឹងប្រវែង ១០ គីឡូម៉ែត្រ ដោយចំណាយថវិកាប៉ាន់ស្មាន ៨៧ លានបាត។

ហើយចំពោះការអនុម័តថវិកាបច្ចុប្បន្នកំពុងស្ថិតក្រោមការត្រួតពិនិត្យ ដោយសារថវិការបស់រដ្ឋាភិបាលថៃមានកម្រិត ប៉ុន្តែការសាងសង់នេះនឹងអាចដំណើរការបានភ្លាមៗ នៅពេលដែលថវិកាមូលនិធិត្រូវបានបញ្ជាក់ពីចំនួនជាក់លាក់ណាមួយ៕