
អ៊ុយក្រែន-រុស្ស៊ី៖ កងទ័ពអាកាសអ៊ុយក្រែនបានរាយការណ៍ថា កងកម្លាំងអ៊ុយក្រែនបានបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី Su-34 បន្ទាប់ពីប៉ុនប៉ងវាយប្រហារទីក្រុង Zaporizhzhia កាលពីថ្ងៃព្រហស្បតិ៍នៅវេលាម៉ោងប្រហែល 04:00នាទី ព្រឹកព្រលឹមថ្ងៃទី25 ខែកញ្ញា ២០២៥ ថ្មីៗនេះ ។
ការប៉ុនប៉ងបើកការវាយប្រហារជាថ្មីដោយគគ្លើនរបស់រុស្ស៊ី បានកើតឡើងចំពេលដែលរលកនៃការវាយប្រហាររបស់រុស្ស៊ីកាន់តែខ្លាំងឡើង ទៅលើទីក្រុងនានារបស់អ៊ុយក្រែន។ ទីក្រុង Zaporizhzhia ស្ថិតក្នុងចំណោមទីតាំងការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុត ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយកងកម្លាំងរុស្ស៊ីបានប្រើប្រាស់យន្តហោះចម្បាំង Su-34s បើកការវាយប្រហារម្តងហើយម្តងទៀតលើតំបន់នេះ ។
មកទល់ពេលនេះរុស្ស៊ីមិនទាន់បានបញ្ជាក់ជាផ្លូវការណាមួយនៅឡើយនោះទេ អំពីការបាត់បង់យន្តហោះចម្បាំង Su-34 នោះ ប៉ុន្តែក្នុងបណ្តាញ Telegram ដែលគាំទ្រវិមានក្រឹមឡាំង បានទទួលស្គាល់ថាមានការធ្លាក់យន្តហោះចម្បាំង និងការបាត់បង់នាវិករបស់ខ្លួន។ បើតាមប្រភពឯករាជ្យដែលដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន បានឲ្យដឹងថា យន្តហោះចម្បាំង Su-34s របស់រុស្ស៊ី អាចត្រូវស្ទាក់ចាប់ដោយប្រព័ន្ធមីស៊ីលពីដីទៅអាកាស ផេតត្រៀត ( Patriot ) ទោះបីជាមិនមានការបញ្ជាក់ជាផ្លូវការណាមួយជាក់លាក់ អំពីការប្រើប្រាស់អាវុធប្រឆាំងនិងយន្តហោះចម្បាំងរបស់រុស្ស៉ី ត្រូវបានចេញផ្សាយក៏ដោយ។ យន្តហោះចម្បាំង Su-34s ជាយន្តហោះចម្បាំងវាយប្រហារល្បឿនលឿនជាងសំឡេង ដែលមានសមត្ថភាពដើម្បីបញ្ជូនគ្រាប់ប្រឆាំងនឹងគោលដៅ និងអាចការពារប្រព័ន្ធដែនការពារអាកាសរយៈចម្ងាយខ្លី។ ចំនុចពិសេសរបស់ Su-34 វាមានសមត្ថភាពវាយប្រហារតាមបែបយុទ្ធសាស្ត្ររបស់រុស្ស៊ី ដែលមានសមត្ថភាពផ្ទុកគ្រាប់រំសេវយ៉ាងច្រើន។ ចំពោះការបាត់បង់យន្តហោះ Su-34 នៅជួរមុខនេះ ជាការគូសបញ្ជាក់ពីហានិភ័យកើនឡើងចំពោះអាកាសចរណ៍យុទ្ធសាស្ត្ររបស់រុស្ស៊ី ខណៈដែលអ៊ុយក្រែនពង្រឹងបណ្តាញការពារដែនអាកាសរបស់ខ្លួនជាមួយនឹងប្រព័ន្ធដែលផ្គត់ផ្គង់ដោយលោកខាងលិច និងកែលម្អយុទ្ធសាស្ត្រស្ទាក់ចាប់។
យន្តហោះចម្បាំងរុស្ស៊ី Su-34 គឺជាប្រភេទយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយមធ្យមសម័យសូវៀត។ កងកម្លាំងអ៊ុយក្រែនបានកំណត់គោលដៅលើយន្តហោះចម្បាំងក្នុងការវាយប្រហារលើអាកាសយានដ្ឋានយោធារុស្ស៊ី នេះបើតាម The kyiv independent ។ ទីក្រុង Zaporizhzhia បានក្លាយជាគោលដៅនៃការវាយប្រហារតាមអាកាសញឹកញាប់របស់រុស្ស៊ី ដើម្បីវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធ និងតំបន់ស៊ីវិល ។
