2025-09-26 15:11
100

រដ្ឋមន្ត្រីក្រសួងការពារជាតិនៃសហរដ្ឋអាមេរិក លោក ភីត ហេកសេត (Pete Hegseth ) បានកោះហៅជាបន្ទាន់ ដល់មន្ត្រីជាន់ខ្ពស់យោធាសហរដ្ឋអាមេរិករាប់រយនាក់នៅជុំវិញពិភពលោក ឱ្យចូលរួមក្នុងកិច្ចប្រជុំបន្ទាន់មួយនៅឯមូលដ្ឋានកងម៉ារីននៅរដ្ឋវឺជីនៀ នៅថ្ងៃអង្គារសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយពី CNN នៅថ្ងៃទី២៥ កញ្ញា ឆ្នាំ២០២៥។

មន្ត្រីជាច្រើនបាននិយាយថា គ្មាននរណាម្នាក់បានដឹងថាកិច្ចប្រជុំនេះនិយាយអំពីអ្វីនោះទេ។ តែបើយោងតាមប្រភពដែលធ្លាប់ស្គាល់បានបង្ហើបឲ្យដឹងថា ការកោះប្រជុំភ្លាមៗរបស់មន្ត្រីយោធាជាន់ខ្ពស់ជាច្រើនគឺមិនធម្មតាខ្លាំងណាស់។

បន្ថែមពីនេះ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Sean Parnell បានបញ្ជាក់ថា លោក Hegseth នឹង "និយាយទៅកាន់មេដឹកនាំយោធាជាន់ខ្ពស់របស់គាត់ នៅដើមសប្តាហ៍ក្រោយ"។ ប៉ុន្តែអ្នកនាំពាក្យខាងលើមិនបានឆ្លើយសំណួរជាក់លាក់អំពីគោលបំណងនៃកិច្ចប្រជុំដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនោះទេ។

ប៉ុន្តែបើក្រឡេកទៅមើល ក្នុងអំឡុងសន្និសីទសារព័ត៌មានមួយនៅការិយាល័យរាងពងក្រពើកាលពីរសៀលថ្ងៃព្រហស្បតិ៍កន្លងទៅ ប្រធានាធិបតីអាមេរិក លោក Donald Trump បានឆ្លើយតបទៅនឹងសំណួរអំពីការជួបជុំនាពេលខាងមុខដោយនិយាយថា "តើវាល្អទេដែលមនុស្សមកពីជុំវិញពិភពលោកមកជួប?" 

ប្រធានាធិបតីខាងលើ បន្តថា កិច្ចប្រជុំនេះយ៉ាងហោចណាស់មួយផ្នែក នឹងត្រូវបានចងភ្ជាប់ទៅនឹងការពិនិត្យឡើងវិញលើឧបករណ៍យោធា។ ដោយគាត់និយាយថា "យើងមានឧបករណ៍ដ៏អស្ចារ្យបំផុតនៅក្នុងពិភពលោក" ។ "ឧត្តមសេនីយ៍ជាច្រើនចង់នៅទីនេះ។ ពួកគេក៏នឹងធ្វើជាកន្លែងទេសចរណ៍ផងដែរ។ ពួកគេនឹងនិយាយអំពីអាវុធថ្មីបំផុត។" 

តាមរយៈការកោះប្រជុំបន្ទាន់ និងអាថ៌កំបាំងបែបនេះ បណ្ដាលឲ្យមានការចោទជាសំណួរថា តើអាមេរិកអាចនឹងត្រៀមរៀបចំខ្លួនសម្រាប់ធ្វើសង្គ្រាមដែរឬទេ ខណៈដែលពិភពលោកកំពុងស្ថិតក្នុងភាពវឹកវរបែបនេះ?