
យ៉ាងហោចណាស់មនុស្ស ៤ នាក់ បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់បានបើករថយន្តចូលទៅក្នុងព្រះវិហារមួយក្នុងរដ្ឋ Michigan សហរដ្ឋអាមេរិក ហើយបានបើកការបាញ់ប្រហារ និងដុតបំផ្លាញអគារ។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន BBC នៅថ្ងៃទី២៩ កញ្ញា។
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២៨ កញ្ញា ក្រុមមន្ត្រីបាននិយាយថា ការវាយប្រហារលើសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយនៅទីក្រុង Grand Blanc បានកើតឡើងក្នុងអំឡុងពេលដែល មនុស្សរាប់រយនាក់កំពុងចូលព្រះវិហារ។
ជនសង្ស័យដែលប្រព្រឹត្តអំពើព្រៃផ្សៃខាងលើ មានឈ្មោះថា Thomas Jacob Sanford អាយុ ៤០ ឆ្នាំ មកពីទីក្រុង Burton រដ្ឋ Michigan សហរដ្ឋអាមេរិក។
ក្រោយមកក៏ត្រូវបានប៉ូលីសបាញ់សម្លាប់នៅក្នុងចំណតរថយន្តព្រះវិហារ។
មេប៉ូលិសក្រុង Grand Blanc លោក William Renye បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យថា មុនកើតហេតុ គេប្រទះឃើញជនសង្ស័យជាខ្មាន់កាំភ្លើង បានបើករថយន្តចូលទៅក្នុងព្រះវិហារ បន្ទាប់មក ខ្មាន់កាំភ្លើងក៏បានបាញ់កាំភ្លើងជាច្រើនគ្រាប់ទៅលើមនុស្សដែលកំពុងនៅក្នុងព្រះវិហារ។
លោក William បន្តថា ប៉ូលិសបានឆ្លើយតបភ្លាមៗទៅកាន់កន្លែងកើតហេតុ និងបានចូលរួមក្នុងការបាញ់កាំភ្លើងជាមួយជនសង្ស័យយ៉ាងសាហាវ ក្រោយមក ខ្មាន់កាំភ្លើងរូបនោះក៏បានស្លាប់នៅម៉ោង ១០ និង ៣៣ នាទី (ម៉ោងក្នុងស្រុក) ៨នាទី ក្រោយការបាញ់ប្រហារ។
ព្រឹត្តិការណ៍នេះ បានបណ្ដាលឲ្យមនុស្ស ៤នាក់ ស្លាប់ និងរបួសជាច្រើននាក់ រួមទាំងបណ្ដាលឲ្យកើតមានអគ្គិភ័យដ៏សន្ធោរសន្ធៅ ដែលបង្ករឱ្យខូចខាតយ៉ាងដំណំដល់ព្រះវិហារ ក្នុងរដ្ឋ Michigan។
ក្រោយឧបទ្ទវហេតុនេះ អាជ្ញាធរកំពុងស៊ើបអង្កេតនៅឡើយ និងបានវាយតម្លៃថា នេះជាសកម្មភាពនៃអំពើហិង្សាចេតនា ប៉ុន្តែចំពោះហេតុផលនៅពីក្រោយការធ្វើបែបនេះគេនៅមិនច្បាស់នៅឡើយ៕
