2025-09-29 14:52
34

ថៃ៖ លោក Natthaphong Rueangpanyawut សមាជិកសភាបញ្ជីឈ្មោះ និងជាប្រធានគណបក្សប្រជាជន (PP) ក្នុងតួនាទីជាមេដឹកនាំគណបក្សប្រឆាំង បានបើកការជជែកដេញដោលនៅថ្ងៃចន្ទនេះ (២៩ ខែកញ្ញា ឆ្នាំ២០២៥) បន្ទាប់ពីនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Anutin Charnvirakul ថ្លែងសេចក្តីថ្លែងការណ៍គោលនយោបាយរបស់លោកទៅកាន់សភា។

តាមការចេញផ្សាយពីសារព័ត៌មានស្រុកថៃ បានឲ្យដឹងថា នៅថ្ងៃទី២៩ កញ្ញា នេះ នាយរដ្ឋមន្ត្រីថៃថ្មី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក Anutin Charnvirakul បានធ្វើសេចក្ដីថ្លែងការណ៍នយោបាយរបស់លោក ក្នុងតំណែងជានាយករដ្ឋមន្ត្រីទៅកាន់សភាថៃ។

ក្នុងនោះ លោក Natthaphong បាននិយាយទៅកាន់ លោក Anutin ថា រយៈពេលបួនខែដំបូងនៃរដ្ឋាភិបាលថ្មីក៏ជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់គណបក្សប្រឆាំង ដែលមានបំណងជំរុញទៅមុខជាមួយនឹងអ្វីដែលលោកបានពិពណ៌នាថាជាបេសកកម្មជាតិ ក្នុងការរៀបចំរដ្ឋធម្មនុញ្ញថ្មី។ 

ប្រធានគណបក្សប្រជាជនខាងលើ បន្តថា គ្មានប្រជាជនថៃជំនាន់ណាដែលរស់នៅក្រោមស្ថិរភាព និងលទ្ធិប្រជាធិបតេយ្យពេញលេញនោះទេ។ ព្រោះគ្រប់សម័យកាលត្រូវមានស្លាកស្នាមដោយរដ្ឋប្រហារម្តងហើយម្តងទៀត។

លោក Natthaphong ឆ្លៀតរំឭកទៅកាន់នាយករដ្ឋមន្រ្តីថៃថ្មីថា ជនជាតិថៃដែលកើតក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ បានមើលឃើញថាប្រទេសថៃមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច ខណៈពេលដែលមានរដ្ឋប្រហារចំនួនប្រាំមួយបានកើតឡើងជាបន្តបន្ទាប់ សូម្បីតែជំនាន់របស់លោកផ្ទាល់ក៏បានឆ្លងកាត់ការកាន់កាប់យោធាឆ្នាំ ១៩៩១, ២០០៦ និង២០១៤ ផងដែរ ។

លោកបានកត់សម្គាល់ថា៖ «សូម្បីតែក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ប្រទេសថៃមាននាយករដ្ឋមន្ត្រីរហូតដល់ទៅបីរូប។ ការពិតតែមួយគត់បង្ហាញថា តើរចនាសម្ព័ន្ធនយោបាយរបស់យើងខ្សោយនិងអស្ថិរភាពប៉ុណ្ណា?»៕