2025-09-29 18:03
34

ប៉ូឡូញ៖   ក្នុងអំឡុងពេលរុស្ស៊ីបើកការវាយប្រហារទ្រង់ទ្រាយធំសារជាថ្មី ដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកលើអ៊ុយក្រែន ប៉ូឡូញបានបិទដែនអាកាសភាគខាងកើតរបស់ខ្លួន ហើយបានបញ្ជូនយន្តហោះចម្បាំងដើម្បីការពារដែនអាកាស ។

យោធាប៉ូឡូញបានប្រកាសពីស្ថានភាពដែលត្រូវប្រុងប្រយ័ត្នខ្ពស់ ខណៈយន្តហោះគ្មានមនុស្សបើកនិងមីស៊ីល របស់រុស្ស៊ីបានវាយប្រហារតំបន់កណ្តាល និងភាគខាងលិចនៃអ៊ុយក្រែន។

ក្នុងអំឡុងពេលនៃការវាយប្រហារ ប៉ូឡូញបានការគ្រប់គ្រងផ្លូវអាកាសភាគខាងកើតនៃប្រទេស ដោយអនុញ្ញាតឲ្យហោះហើរឆ្លងកាត់បាន តែយន្តហោះចាក់ប្រេងរបស់អង្គការណាតូ និងយន្តហោះចម្បាំងពីរបីគ្រឿងទៀតតែប៉ុណ្ណោះ។ ក្នុងនោះមានយន្តហោះ E-7 Wedgetail ជាបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់របស់អូស្ត្រាលី ដែលមានសមត្ថភាពគ្រប់គ្រងលើដែនអាកាស និងបំពាក់ដោយប្រព័ន្ធចាប់រ៉ាដារយៈចម្ងាយឆ្ងាយ ដែលកំពុងតែបំពេញបេសកម្មល្បាតតាមព្រំដែនប៉ូឡូញ-អ៊ុយក្រែន ជាពិសេសវាដើរតួយ៉ាងសំខាន់ក្នុងការការពារទីក្រុងនានារបស់អ៊ុយក្រែនពីការវាយប្រហារដ៏ធំរបស់រុស្ស៊ី។

គួរបញ្ជាក់ថាយន្តហោះនេះបានមកដល់ប្រទេសប៉ូឡូញកាលពីចុងខែកក្កដាកន្លងទៅ ហើយកំពុងបំពេញភារកិច្ចទាំងក្នុងអង្គការណាតូ និងគាំទ្រដល់អ៊ុយក្រែន ជាពិសេសផ្តល់ការស៊ើបការណ៍សម្ងាត់សម្រាប់ការពារដែនអាកាសអ៊ុយក្រែន។

ពាក់ព័ន្ធនិងសកម្មភាពបែបនេះរបស់ Warsaw និងណាតូ ជាមូលហេតុនៃហានិភ័យពីការរំលោភបំពានតាមដែនអាកាសប៉ូឡូញម្តងហើយម្តងទៀត ដោយយន្តហោះគ្មានមនុស្សបើក និងប្រព័ន្ធមីស៊ីលរបស់រុស្ស៊ី ។

ថ្មីៗនេះ បណ្តាប្រទេសនៅអឺរ៉ុបបានព្រមានវិមានក្រឹមឡាំងថា អង្គការណាតូបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបាញ់ទម្លាក់យន្តហោះចម្បាំងរបស់រុស្ស៊ីបើបន្តបំពានដែនអាកាសរបស់សម្ព័ន្ធមិត្ត ខណៈដែលទីក្រុងមូស្គូគំរាមធ្វើសង្គ្រាម ប្រសិនបើសមាជិកអង្គការណាតូណាដែលប្រហើនបាញ់ទំលាក់យន្តហោះចម្បាំងរុស្ស៊ីនោះ ។

ក្នុងកិច្ចប្រជុំដ៏តានតឹងមួយនៅទីក្រុងមូស្គូ ឯកអគ្គរដ្ឋទូតអង់គ្លេស បារាំង និងអាឡឺម៉ង់បានសម្តែងការព្រួយបារម្ភចំពោះការឈ្លានពានរបស់យន្តហោះចម្បាំង MiG-31 ចំនួនបីគ្រឿងចូលទៅក្នុងដែនអាកាសអេស្តូនី។ ក្រោយការចរចា គណៈប្រតិភូបានសន្និដ្ឋានថា នេះជាយុទ្ធសាស្ត្រដោយចេតនា ដែលអនុញ្ញាតដោយបញ្ជាការរុស្ស៊ី។

ប៉ុន្តែមន្ត្រីរុស្ស៊ីបានបដិសេធចំពោះការរំលោភលើដែនអាកាស ហើយបានទទូចថាទីក្រុងម៉ូស្គូមិនព្យាយាមសាកល្បងជាមួយណាតូនោះទេ។ ទន្ទឹមនឹងនេះ ពួកគេបានពន្យល់ពីឧប្បត្តិហេតុមួយផ្សេងទៀត ដែលយន្តហោះគ្មានមនុស្សបើកឆ្លងកាត់ព្រំដែនប៉ូឡូញដោយអចេតនា។