
បន្ទាយមានជ័យ៖ កម្លាំងយោធាឈ្លានពានថៃ ០១ក្រុម បានព្យាយាមចូលមកវាស់ដី ក្នុងចំការអំពៅ ជិតបង្គោលព្រំដែនលេខ ៤៦ ក្នុងភូមិជោគជ័យ ត្រូវកងកម្លាំងកម្ពុជាដែលមិនប្រដាប់អាវុធបានរុញច្រានចេញទៅវិញ និងមួយក្រុមទៀត បាននាំគ្នាបង្កការអុកឡុកនៅជិតបង្គោលព្រំដែនលេខ ៤៧ ប៉ុន្តែកម្លាំងកម្ពុជា និងប្រជាពលរដ្ឋត្រៀមខ្លួនការពារអធិបតេយ្យ និងបូរណភាពទឹកយ៉ាងរឹងមាំបំផុត។
តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នេះ ទាហានថៃ ចំនួន ០២ ក្រុម ដោយមួយក្រុមបាននាំអ្នកវាស់ដីចូលមកជិតបង្គោលព្រំដែនលេខ ៤៦ ក្នុងចំការអំពៅ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ តែត្រូវកងកម្លាំងកម្ពុជាដែលមិនប្រដាប់អាវុធ រុញចេញមិនឱ្យវាស់បានទេ។
ចំណែកទាហានថៃ ០១ ក្រុមទៀត បានព្យាយាមចូលទៅបង្គោលព្រំដែនលេខ ៤៧ ប៉ុន្តែកងកម្លាំងជួរមុខរបស់កម្ពុជាមិនប្រដាប់អាវុធ និងប្រជាពលរដ្ឋជាម្ចាស់ដី និងរស់នៅផ្ទាល់ត្រៀមខ្លួនជានិច្ច ដើម្បីការពារបូរណភាពទឹកដី។
នេះជាសកម្មភាពបង្ករហេតុរបស់ទាហានថៃ រំលោភបំពានមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា និងបានរំលោភកិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងជាមួយយគ្នាផងដែរ។ បើគិតមកត្រឹមម៉ោងជាង ០៩ព្រឹក ក្រោយទាហានថៃ បានដកថយត្រឡប់ទៅទឹករបស់ខ្លួនវិញ ស្ថានការណ៍បានស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងកម្ពុជា និងប្រជាពលរដ្ឋជាម្ចាស់ដីឈរការពារយ៉ាងរឹងមាំមិនអនុញ្ញាតក្រុមឈ្លានពានធ្វើតាមអំពើចិត្តឡើយ៕


